(ព្យុងយ៉ាង)៖ ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរ ជាលើកទី ប្រាំរបស់ខ្លួន កូរ៉េខាងជើងបានធ្វើការដាក់បង្ហាញ ផ្ទាំងទស្សនីយភាព កងកម្លាំងយោធាជើងអាកាស នៅក្នុងពិរពណ៌អាកាសចរណ៍សាធារណៈជាលើកដំបូង របស់ខ្លួននៅថ្ងៃសៅរ៍នេះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦។
ព្រឹត្តិការណ៍ Wonsan Internation Friendship Air Festival ត្រូវបានប្រារព្ធឡើងនៅអាកាសយានដ្ឋាន Kalma ដែលជាអតីតព្រលានយន្តហោះយោធា និងត្រូវបានជួសជុល និងកែលម្អរឡើងវិញរួចរាល់ នៅឆ្នាំមុន ដើម្បីបង្កើនវិស័យទេសចរណ៍ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយព្រឹត្តិការណ៍នេះត្រូវបាន កំណត់ពេលវេលាតាំងពីមុនពេល មានការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទីប្រាំមកម្ល៉េះ។
ទស្សនីយភាពខាងលើ ត្រូវបានចាប់ផ្តើមដោយមាន ការហោះហើរនូវឧទ្ធម្ភាគចក្រយោធា US Hughes MD-500 ដែលត្រូវបានយកចូលមកក្នុងប្រទេសនេះ កាលពីឆ្នាំ១៩៨០។ បន្ទាប់ពីនោះក៏មានការ ហោះហើរដ៏គួរឲ្យស្ញប់ស្ញែងមួយផងដែរ ដែលត្រូវបានធ្វើឡើងដោយក្បួនយន្តហោះដ៏ទំនើបជាងគេ នៅក្នុងប្រទេសកូរ៉េខាងជើង គឺយន្តហោះចម្បាំង MiG-29 ដែលបានធ្វើការហោះឆាបពីលើ ក្រុមទស្សនិកជនផងដែរ។ ក្រៅពីនេះក៏មានការបង្ហាញយន្តហោះចម្បាំង ផ្សេងៗទៀតដូចជា MiG-17, MiG-19, និង MiG-21 ផងដែរ។
គួរបញ្ជាក់ដែរថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទ័ណ្ឌកម្មលើវិស័យទ័ពអាកាស របស់កូរ៉េខាងជើង នៅក្រោយការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរលើកទីបួន របស់ប្រទេសមួយនេះ។ ការដាក់ទណ្ឌកម្មនេះ បានហាមឃាត់មិនឲ្យប្រទេសនានា ផ្គត់ផ្គង់ប្រេងយន្តហោះ មកឲ្យកូរ៉េខាងជើង តែទោះជាបែបនេះក្តី ការផ្គត់ផ្គង់នៅក្នុងប្រទេសកូរ៉េខាងជើងតែឯង គឺវាគ្រប់គ្រាន់សម្រាប់ធ្វើឲ្យ វិស័យទ័ពអាកាសរបស់ប្រទេសកុម្មុយនីស្តមួយនេះ នៅតែអាចដំណើរការទៅមុខទៀតបានដដែល៕