(ក្រចេះ)៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពវិស័យអគ្គិសនី និងរ៉ែ នោខេត្តក្រចេះ នាថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីការវិវត្ដវិស័យអគ្គិសនី នៅខេត្ដក្រចេះ និងការរីកចម្រើន នៃការធ្វើកសិឧស្សាហកម្ម និងឧស្សាហកម្មធនធានរ៉ែ។
តាមរយៈវីដេអូខ្លី របស់រដ្ឋមន្ដ្រី កែវ រតនៈ ដែលលោកកំពុងតែឈរនៅនឹងមុខទន្លេ នៃខេត្ដក្រចេះ លោកបានរៀបរាប់ថា «គ្រាន់តែធនធានរ៉ែមួយមុខ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ មានជាង៧លានដុល្លារ បើនិយាយតែសួយសារ នេះមិនទាន់គិតអំពីចំណូលពន្ធគយ ចំណូលពន្ធដារ និងអាករផ្សេងៗ»។
បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា នៅខេត្ដក្រចេះ គ្រាន់តែអាជីវកម្មធនធានរ៉ែ បង្កើតការងារជូនដល់ប្រជាពលរដ្ឋ បានជិត៣ពាន់កន្លែង ហើយទៅថ្ងៃខាងមុខ នឹងបង្កើតការវិនិយោគ លើវិស័យធនធានរ៉ែបន្ថែមទៀត ដើម្បីបង្កើតការងារ ក៏ដូចជាលើកតម្កើននូវជីវភាព របស់ប្រជាពលរដ្ឋខេត្ដក្រចេះ។
បើតាមការបញ្ជាក់របស់រដ្ឋមន្ដ្រី កែវ រតនៈ, ខេត្តក្រចេះ បានបោះបង្គោលព្រំដែនរួចជាច្រើនឆ្នាំហើយ និងមានកម្លាំងការពារព្រំដែនរឹងមាំ។ ឆ្នាំនេះ ការរីកចម្រើនសេដ្ឋកិច្ច និងសង្គមរបស់ខេត្ត ធ្វើឲ្យការប្រើប្រាស់អគ្គិសនីឡើងដល់៤៥មេហ្កាវ៉ាត់ ធៀបទៅ៣មេហ្កាវ៉ាត់ ឆ្នាំ២០១៤។
រដ្ឋមន្ដ្រី កែវ រតនៈ បានបន្ថែមទៀតថា តាមច្រកព្រំដែនត្រពាំងស្រែផលិតផលរ៉ែ កសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម កំពុងត្រូវបាននាំចេញទៅទីផ្សារពិភពលោក កាត់តាមប្រទេសវៀតណាម ដោយសារតាមច្រកនេះ ការដឹកជញ្ជូនថោក និងរហ័ស៕