(រតនគិរី)៖ ក្រុមកម្មសិក្សាការីជាន់ខ្ពស់បន្ទប់ចតុមុខ នៃសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកភួយដណ្ដប់ចំនួន ២០០ ចុះចែកជូនប្រជាពលរដ្ឋជនជាតិដើម ដែលរស់នៅក្នុងឃុំចំនួន៤ មានឃុំប៉យ ឃុំល្អក់ ឃុំអូរជុំ និងឃុំកាឡៃ នៃស្រុកអូរជុំ ខេត្តរតនគិរី។ ក្រុមការងារនេះ ដឹកនាំដោយលោក ឡៅ ប៊ុនខេង, លោក ស៊ុន ប៊ុណ្ណា និងលោក គៀង ហៀង។
តំណាងកម្មសិក្សាការីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល លោក ឡៅ ប៊ុនខេង បានឱ្យដឹងថា ក្រុមការងារបានចុះមកទីនេះ គឺដើម្បីសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើម ព្រមទាំងនាំយកភួយចំនួន ២០០ មកជាមួយ ដែលជាអំណោយរបស់ ព្រះតេជគុណបិយធម្មោ ធី អាំភុន គង់នៅវត្តសមុទ្ធារាម ហៅវត្តបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសុមេធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា។
លោក ឡៅ ប៊ុនខេង បានបន្តថា សព្វថ្ងៃ ប្រទេសជាតិមានការអភិវឌ្ឍ ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានផ្លូវសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរ ងាយស្រួលក្នុងការដឹកកសិផល ផលដំណាំផ្សេងៗ ទៅលក់នៅផ្សារ ក្នុងទីរួមខេត្ត។ តំណាងកម្មសិក្សាការីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាលរូបនេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យទៅចុះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។
ជាមួយសកម្មភាពមនុស្សធ៌មខាងលើនេះ លោក ធូខឿ អភិបាលរងស្រុកអូរជុំ បានទទួលអំណោយ និងបានថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានឆ្លៀតឱកាសមកធ្វើការសិក្សាស្វែងយល់ពី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើម ព្រមទាំងនាំអំណោយរបស់ ព្រះតេជគុណបិយធម្មោ ធី អាំភុន មកចែកជូនពួកគាត់នាពេលនេះ៕