(ភ្នំពេញ)៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ ជំនាន់បានបន្តធ្វើភេវរកម្មតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព្រឹត្តអំពើឧបឃាតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយបដិវត្តន៍ពណ៌តាមរយៈ ការប្រើប្រាស់យុវជនជាសកម្មជននៅក្រៅប្រទេសរបស់ខ្លួននិងប្រព័ន្ធផ្សព្វផ្សាយឧទ្ទាមទទួលលុយបរទេសផ្សាយជាភាសាខ្មែរជាឧបករណ៍នយោបាយដាច់ថ្លៃ។ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយលើបញ្ហាព្រំដែនជាពិសេសបន្លាចអំពីការបាត់បង់ទឹកដី ដើម្បីដុតកំហឹងជាតិនិយមជ្រុលក្នុងចំណោមយុវជនខ្លួនមួយក្តាប់តូចក្នុងគោលដៅដើម្បីបង្កើតជាឈ្នួនបំផ្ទុះបដិវត្តន៍ពណ៌ដោយទាញយកព្រឹត្តិការណ៍នៃបដិវត្តន៍ពណ៌ផ្តួលរំលំថ្នាក់ដឹកនាំនៅប្រទេសបង់ក្លាដេសមកភ្ជាប់នឹងកម្ពុជាដើម្បីបញ្ឆេះកំហឹងសកម្មជនពួកគេ។

ទណ្ឌិតក្បត់ជាតិនិងក្រុមជ្រុលនិយមមួយក្តាប់តូចនេះជាឧបករណ៍នយោបាយបរទេសដែលគេបានរកឃើញតាមរយៈព្រឹត្តិការណ៍កុបកម្មឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤របស់ខ្មោចបក្សសង្គ្រោះជាតិអនុវត្តផែនការបដិវត្តន៍ពណ៌។ ផែនការបដិវត្តន៍ពណ៌នៅតែត្រូវបានអនុវត្តរហូតមកដល់ពេលនេះ ទោះបីជាត្រូវបានរំលាយអង្គការចាត់តាំងនយោបាយនិងមេក្លោងត្រូវបានចាប់ខ្លួននិងកាត់ទោសតាមច្បាប់ក៏ដោយ។ គំនិតទុច្ចរិតចង់ឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់និងបក្ខពួក តាមបែបមិនប្រជាធិបតេយ្យនេះបានធ្វើឱ្យពួកគេធ្វើនយោបាយចងអាឃាត ច្រណែនឈ្នានីស និងបំផ្លិចបំផ្លាញជាតិ ដើម្បីសម្រេចមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួនមិនចេះចប់មិនចេះហើយ និងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយចៅហ្វាយនាយរបស់ខ្លួន ដោយមិនចង់ឱ្យជាតិនិងប្រជាជនខ្មែរដែលទើបរួចពីសង្គ្រាមបំផ្លិចបំផ្លាញបានរយៈពេលជាង ២០ មកនេះបានបន្តរស់ក្នុងសន្តិភាពនិងការអភិវឌ្ឍឡើយ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់អំពីកលល្បិចដ៏កខ្វក់របស់ក្រុមជ្រុលនិយមដែលដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ ក្នុងការបញ្ឆេះកំហឹងពលរដ្ឋ ដោយដំបូងចេញការបន្លាចថាកម្ពុជាបាត់បង់ទឹកដី ដើម្បីដុតកំហឹង និងបង្កើតភាពវឹកវរចលាចល បង្កអស្ថិរភាព ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ត្រឹមត្រូវ សេរី និងយុត្តិធម៌។ ពួកគេចង់បានស្ថានភាពកម្ពុជាដូចបង់ក្លាដេស ដែលជាការធ្វើនយោបាយឆ្លៀតឱកាសនិយមដុតប្រទេសខ្លួនឯង និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ បន្ថែមលើគោលនយោបាយបំផ្លាញជាតិ ៣ កុំរបស់ខ្លួន គឺកុំឱ្យបរទេសផ្តល់ជំនួយ កុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ បង់ក្លាដេសដែលរហូតមកដល់ពេលនេះស្ថិតនៅក្នុងភាពអាសន្ន និងអំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ក្រោយការលោកស្រីនាយករដ្ឋមន្ត្រីបានលាលែងចេញពីតំណែង។ បទពិសោធនេះមានរួចហើយសម្រាប់ប្រទេសមួយចំនួនដែលបានធ្វើបដិវត្តន៍ពណ៌ដូចជាលីប៊ី ស៊ីរី ទុយណេស៊ី ជាដើម គឺសង្គ្រាមស៊ីវិលបានផ្ទុះឡើង។ ករណីបង់ក្លាដេសក៏នឹងមានវាសនាដូចគ្នានេះដែរ ខណៈអំពើហិង្សានៅតែកើតមានឡើង។

ចេតនាទុច្ចរិតនៃអំពើឧបឃាត និងសកម្មភាពភេវរកម្មរបស់ក្រុមជ្រុលនិយមនេះត្រូវបានពលរដ្ឋស្ទើរតែទាំងអស់មើលឃើញយ៉ាងច្បាស់ និងមិនគាំទ្រឡើយហើយបានចាត់ទុកទង្វើក្រុមជ្រុលនិយមដែលបញ្ឆេះកំហឹងយុវជនដែលមានការព្រួយបារម្ភពីជាតិ ជាទង្វើក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបាន។ ពួកគេយកលេសនៃការបង្ហាញការព្រួយបារម្ភរបស់យុវជននិងពលរដ្ឋមួយចំនួនតូចដែលជឿតាមការញុះញង់របស់ពួកគេ ដើម្បីធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាល ហើយភស្តុតាងបានបង្ហាញយ៉ាងច្បាស់តាមរយៈសារញុះញង់របស់ទណ្ឌិតក្បត់ជាតិ៣ ជំនាន់, ក្រុមអ្នកវិភាគពុលទឹកមាត់រត់ចោលស្រុក និងវិទ្យុបរទេសនិយាយភាសាខ្មែរ។ ក្រុមជ្រុលនិយមដែលជាក្រុមប្រឆាំងក្បត់ជាតិមួយចំនួននៅក្រៅប្រទេសបានបង្កើតក្រុមតេឡេក្រាមដើម្បីរៀបចំផែនការ និងប្រព្រឹត្តអំពើឧបឃាតផងដែរ។ សំឡេងដែលដើរញុះញុងភាគច្រើននៅក្រៅប្រទេសនិងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមក្លែងក្លាយដើម្បីបំភ្លៃការពិត។

នៅចំពោះមុខនៃការគំរាមកំហែងរបស់ក្រុមជ្រុលនិយមដែលប្រព្រឹត្តបទល្មើសឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលគំរាមកំហែងដល់សុខសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍរបស់ជាតិនិងប្រជាជននេះហើយ បានជាមានចលនាជាតិដ៏ធំមួយ បានចេញថ្កោលទោសក្រុមជ្រុលនិយម និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារថែរក្សាសុខសន្តិភាព ភាពសុខសាន្តនិងការអភិវឌ្ឍរបស់កម្ពុជា។ កម្លាំងស្នេហាជាតិនិងស្នេហាសន្តិភាពនេះកំពុងរួមសាមគ្គីគាំទ្ររាជរដ្ឋាភិបាលពេញទំហឹងប្រឆាំងនឹងអំពើក្បត់ជាតិ និងកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមដើម្បីកុំឱ្យមកលងបន្លាចពលរដ្ឋកម្ពុជាទៀត។

ទោះបីជាក្នុងតម្លៃណាក៏ដោយ ទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការនិងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានប្រកាសមិនអនុញ្ញាតឱ្យក្រុមជនជ្រុលនិយមមួយក្តាប់តូចដែលរត់គេចខ្លួននិងកំពុងរស់នៅបរទេសបំផ្លាញជាតិកម្ពុជាសាជាថ្មីឡើយ។ កម្ពុជាធ្លាប់ឆ្លងកាត់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរួចហើយដោយសារតែការញុះញង់រឿងបាត់បង់ទឹកដី និងការបញ្ឆេះកំហឹងជាតិសាសន៍របៀបនេះនៅឆ្នាំ ១៩៧០ ក្រោមខ្សែញាក់របស់ជន បរទេស ទើបនាំឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ទម្រាំនឹងរកបានមកនូវសុខសន្តិភាពពេញលេញដោយនយោបាយឈ្នះឈ្នះដាក់ចុះដោយរដ្ឋបុរសសម័យទំនើបសម្តេចតេជោ ហ៊ុន សែន។

ក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានក្រុមអ្នកញុះញង់ប៉ុន្មាននាក់ជាកម្មករកម្មការិនីបម្រើការនៅប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងសកម្មជននយោបាយរត់ចោលស្រុកនៅបណ្តាប្រទេសមួយចំនួនរួមនឹងជនក្បត់ជាតិ ៣ ជំនាន់ផងនេះមិនអាចមកបំផ្លាញសន្តិភាពកម្ពុជានិងផ្តួលរំលំរបបដឹកនាំស្របច្បាប់បានឡើយ។ អ្នកដែលចាញ់ការបោកបញ្ឆោតនិងការបោកប្រាស់របស់ក្រុមជ្រុលនិយម ហើយកែប្រែនិងដកខ្លួនចេញពីក្រុមជ្រុលនិយមទាន់ពេលវេលាពិតជាមានការយោគយល់ ប៉ុន្តែសម្រាប់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលនៅតែបន្តការញុះញង់តាមជនក្បត់ជាតិ ៣ ជំនាន់នឹងអាចប្រឈមមុខច្បាប់។

កម្ពុជាមិនដូចបង់ក្លាដេសឡើយ។ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កើតឡើងដោយការបោះ ឆ្នោតនិងមានភាពស្របច្បាប់តាមបែបលទ្ធិប្រជាធិបតេយ្យ សេរី និងត្រឹមត្រូវ, មានការគាំទ្រពីប្រជាពលរដ្ឋច្រើនលើសលប់ និកងកម្លាំងប្រដាប់និងប្រជាពលរដ្ឋគ្មាននរណាស្តាប់លើការញុះញង់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងក្រុមវិទ្យុបំពុលសង្គមនោះទេ។ ដូច្នេះ ក្រុមជ្រុលនិយមមិនត្រូវឆ្លងហួសបន្ទាត់ក្រហម បំផ្លាញសន្តិភាព ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ពលរដ្ឋឡើយ។ អ្នកប៉ុនប៉ងនិងគុបគិតក្នុងអំពើឧបឃាតនេះត្រូវបង់ថ្លៃ ខ្ពស់នៅចំពោះមុខច្បាប់។ ពលរដ្ឋខ្មែរមិនគាំទ្រទង្វើក្បត់ជាតិនិងបំផ្លាញសន្តិភាពរបស់ក្រុមជ្រុលនិយមឡើយ!

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤