(ត្បូងឃ្មុំ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតព្រមគ្នា នៅឃុំអង្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតរបស់ថ្នាក់ដឹកនាំទាំងពីរ ខណៈមានប្រជាពលរដ្ឋខ្មែរចំនួន ៣,១៧០,៨៥៧នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
ការអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនេះ ធ្វើឡើងដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ និងដើម្បីទទួលបានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ខាងមុខ។
សូមជម្រាបថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល២៣ ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៣,១៧០,៨៥៧នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
សូមបញ្ជាក់ដែរថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោត មានចំនួនជាង ៩.៦លាននាក់៕