(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចំនួន៧០៧ ប័ណ្ណក្បាលដី។
បន្ទាប់ពីលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានធ្វើរបាយការណ៍សង្ខេបក្នុងពិធីរួចមកលោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានលើកឡើងថា ដោយមានកិច្ចសហការ រវាងអាជ្ញាធរក្រុង សង្កាត់ និងផ្អែកទៅតាមការណែនាំចង្អុលបង្ហាញពីលោកអភិបាលខេត្តស្ទឹងត្រែង និងក្រុមការងារ គ្រប់គ្រងដីរដ្ឋ បានអនុញ្ញាតឱ្យភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ធ្វើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ មានចំនួន ៧០៧ប័ណ្ណក្បាលដី និងបានកំពុងសិក្សាដើម្បីអនុវត្តនៅភូមិបន្តបន្ទាប់ទៀតនៃសង្កាត់សាមគ្គី។
ក្នុងនោះលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានបន្តថា ប្រជាពលរដ្ឋ លោក មេភូមិ ព្រឹទ្ធាចារ្យ និងលោកចៅសង្កាត់ បានចូលរួមយ៉ាងសកម្មក្នុងការងារអនុវត្តគម្រោងចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះប្រជាពលរដ្ឋបានមកពិនិត្យបញ្ជីឈ្មោះ និងប្លង់សុរិយោដី ព្រមទាំងបានដាក់ពាក្យសុំកែតម្រូវផងដែរ។
នាឱកាសនោះដែរ លោក សរ សុពុត្រា បានណែនាំដល់អាជ្ញាធរ ត្រូវពន្លឿនដល់ការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាធ្វើការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស ព្រោះថាបើមិនខិតខំដោះស្រាយទំនាស់ដីធ្លីនេះទេ គឺការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺមិនងាយនឹងបានផ្ដល់ជូនប្រជាពលរដ្ឋឡើយ។ ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដោយឱ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន។
លោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុនេះ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ កុំធ្វើការលក់ដូរ ដោយទុកជាទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថាបើយើងធ្វើការលក់ដូរដីធ្លីនេះអស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកសិករទាំងអស់នឹងបាត់បង់ចំណូលដោយសារប្រជាពលរដ្ឋពុំមានដីសម្រាប់ធ្វើការដាំដុះដំណាំកសិកម្មផ្សេងៗ ពុំមានកន្លែងសម្រាប់សង់លំនៅដ្ឋានដើម្បីរស់នៅ ក៏ដូចជាកូនចៅជំនាន់ក្រោយពុំមានដីសម្រាប់ការដាំដំណាំ និងការស្នាក់នៅជាដើម៕