(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង១៥៖៤០រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សង្ស័យ៥នាក់ទៀត ដែលពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនហើយ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមជាប់ពន្ធនាគារអស់មួយជីវិត។
លោក នូ វាសនា ជាចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននៅល្ងាចនេះ។
បើតាមសមត្ថកិច្ច, ករណីនេះមិនមែនជាការបង្កចលាចលនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជារឿងគំនុំសុទ្ធសាធដែលមានមេខ្លោងឈ្មោះ សុខ គឹមលី ភេទស្រី អាយុ៤១ឆ្នាំ បានព្យាយាមបោកគ្រាប់បែក សម្លាប់ជនរងគ្រោះឈ្មោះ អៀ គឹមហួរ ប៉ុន្តែមិនបានសម្រេចគ្រាន់តែរបួសប៉ុណ្ណោះ ហើយថាការតាមធ្វើឃាតជនរងគ្រោះបែបនេះ បានធ្វើឡើងម្តងរួចទៅហើយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។
សូមជំរាបថា កាលពីព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបំផ្ទុះគ្រាប់បែកមួយ នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះខូចខាតផងដែរ៕