(សៀមរាប)៖ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យានឹងខិតខំដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យទទួលបានលទ្ធផលល្អ និងការពារនូវប្រាសាទ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរឱ្យបានគង់វង្ស និងមានតម្លៃលេចធ្លោជាសកលនៅលើឆាកអន្តរជាតិ។
ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានសន្យាយ៉ាងដូច្នេះក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ រយៈពេល២ថ្ងៃ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, ដោយមានការចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងពាក់ព័ន្ធ អង្គការអន្តរជាតិ និង ICC Angkor ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរជាច្រើនចូលរួមផងដែរ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានសុំពេលវេលាមួយរយៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានផលប្រយោជន៍ផង ហើយកិច្ចការពារតំបន់អង្គរឱ្យមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ការរុករានដីធ្លី និងការរីករាលដាលនៃសំណង់ខុសច្បាប់ ក្នុងតំបន់ការពារបេតិកភណ្ឌរបស់ពិភពលោក បានជោគជ័យផងដែរ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា បច្ចុប្បន្ននេះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺតែងតែអនុវត្តន៍ច្បាប់ជាប្រចាំលើការទប់ស្កាត់ការទន្ទ្រានដីធ្លីធ្វើជាកម្មសិទ្ធិឯកជន និងទប់ស្កាត់ការកើនឡើង នូវសំណង់ខុសច្បាប់មិនឱ្យរីករាលដាល។ ក៏ប៉ុន្តែជាញឹកញាប់ប្រជាពលរដ្ឋខ្លះ តែងបង្ហាញការមិនសប្បាយចិត្តជាមួយវិធានការរបស់អាជ្ញាធរជាតិអប្សរា ដោយសារតែពេលពួកគាត់ចង់សាងសង់ផ្ទះបន្ថែម និងការធ្វើរបងការពារផលដំណាំ និងធ្វើផ្លូវចូលផ្ទះរបស់ខ្លួនក៏មិនបានផងដែរ។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីការពាររមណីយដ្ឋានអង្គរ គឺមានបញ្ហាជាច្រើនជាមួយនិងប្រជាពលរដ្ឋខ្លះ ដែលរស់នៅក្នុងតំបន់ការពារទាំងនោះ ក៏ប៉ុន្តែទោះបីជាយ៉ាងណា គឺត្រូវតែការពារប្រាសាទបុរាណទាំងឡាយ ដែលជាកេរ្តិ៍មត៌ដូនតាខ្មែរ ដែលជាដួងព្រលឹងជាតិឱ្យបានគង់វង្សបានយូរអង្វែង។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ មិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះគឺជាជំហរដ៏ច្បាស់លាស់ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើរការរៀបចំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរជាបន្តបន្ទាប់ទៅតាមដំណាក់កាល»៕