(ព្រុយណេ)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលព្រុយណេ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេ។
ហើយនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ បណ្ឌិត កៅ គឹមហួន បានផ្តល់សន្ទរកថាគន្លឹះស្តីពី «កិច្ចសហប្រតិបត្តិការ កិច្ចសហការ និងយុវជន៖ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងនរន្តភាព» ដល់ក្រុមនិស្សិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Universiti Brunei Darussalam។
អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការទទួលស្គាល់របស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ចំពោះការចូលរួមវិភាគទានរបស់យុវជន នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់អាស៊ាន ហើយបានរំលេចពីតួនាទីដ៏មានសារៈសំខាន់ដែលយុវជនអាស៊ាន ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំង ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល។ អគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យក្រុមនិស្សិត សិក្សាបន្ថែមទៀតអំពីអាស៊ានផងដែរ។
នៅរសៀលថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលជាមួយវិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័នសិក្សាស្រាវជ្រាវ ដែលមានមូលដ្ឋាននៅប្រទេសព្រុយណេ ដែលមានរួមមានមជ្ឈណ្ឌលសិក្សាយុទ្ធសាស្ត្រ និងគោលនយោបាយ (CSPS) វិទ្យាស្ថានសិក្សាគោលនយោបាយ និងយុទ្ធសាស្ត្រព្រុយណេ (BDIPSS) ព្រមទាំងវិទ្យាស្ថាន និងមជ្ឈមណ្ឌលនានាពីសាកលវិទ្យាល័យ Universiti Brunei Darussalam។
នៅក្នុងឱកាសនោះ កិច្ចពិភាក្សាតុមូលបានផ្តោតលើអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ជាពិសេសក្នុងវិស័យសន្តិសុខជាប្រពៃណី និងមិនប្រពៃណី ហើយក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍ក្នុងតំបន់ និងសកលលោកផងដែរ។
នៅរសៀលថ្ងៃទី១៣ ខែសីហា, លោកបណ្ឌិត កៅ គឹមហួន បានបន្តអញ្ជើញទៅទស្សនានៅមជ្ឈមណ្ឌលស្រាវជ្រាវរុក្ខសាស្ត្ររបស់សាកលវិទ្យាល័យ Universiti Brunei Darussalam។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានចុះហត្ថលេខាលើសៀវភៅក្រាំងមាស បានចូលរួមក្នុងពិធីដាំដើមឈើ ព្រមទាំងបានទស្សនាអគាររបស់មជ្ឈមណ្ឌលនេះ ថែមទាំងបានស្វែងយល់អំពីសកម្មភាព និងកម្មវិធីនានារបស់មជ្ឈមណ្ឌលនេះផងដែរ។
ឆ្លៀតក្នុងឱកាសបំពេញទស្សនកិច្ចនៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ, លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន The Scoop របស់ព្រុយណេ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានចែករំលែកទស្សនៈ និងគោលបំណងនៃទស្សនកិច្ចផ្លូវការមកកាន់ប្រទេសព្រុយណេលើកនេះ ព្រមទាំងលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជា វឌ្ឍនភាពចុងក្រោយនៅក្នុងការកសាងសហគមន៍អាស៊ាន និងការវិវត្តន៍នៅក្នុងតំបន់ ជាដើម៕