(អ៊ូឡាន-អ៊ូដេ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការស្ងប់ចិត្តស្ងប់អារម្មណ៍ និងបើកចិត្តស្ដាប់ការបកស្រាយរបស់ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកជំនាញ និងអ្នកវិទ្យាសាស្រ្ត អំពីគោលបំណង និងផលប្រយោជន៍ដែលកម្ពុជាអាចទទួលបានពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម។
លោកបានថ្លែងបែបនេះពីទីក្រុង អ៊ូឡាន-អ៊ូដេ (Ulan-Ude) សាធារណរដ្ឋប៊ួរៀតត្យា (Buryatia) នៃសហព័ន្ធរុស្ស៉ី ជាទីដែលលោកបណ្ឌិតកំពុងបំពេញបេសកម្មរយៈពេល៦ថ្ងៃ នៅទីនោះ។
បើតាម លោកបណ្ឌិត គិន ភា៖ «ចំពោះស្ថានការនៃការពុះកញ្ជ្រោលនេះ ដោយសារតែនៅមានគម្លាតគ្នាទស្សនៈ និងកង្វល់របស់ពលរដ្ឋជាមួយនឹងឧត្តមគតិ និងយុទ្ធសាស្ត្រការពារ និងអភិវឌ្ឍន៍ជាតិរបស់ថ្នាក់ដឹកនាំនៅតំបន់ត្រីកោណអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួននោះ ហាក់មិនបានបើកចិត្ត បើកកាយស្ដាប់ការបកស្រាយរបស់ថ្នាក់ដឹកនាំ និងអ្នកជំនាញ ក៏ដូចជាអ្នកវិទ្យាសាស្រ្តនាពេលកន្លងមក ខណៈពួកគាត់មួយចំនួនមិនមានព័ត៌មានគ្រប់គ្រាន់និងជឿតាមការញុះញង់របស់មជ្ឈដ្ឋានពួកអមិត្ត។ ការញុះញង់ឱ្យមានការប្រឆាំងរដ្ឋាភិបាលបែបនេះ គ្រាន់តែជាល្បិចក្នុងការឱ្យខ្មែរបែកបាក់គ្នា ដែលធ្វើឡើងដោយអ្នកនយោបាយជ្រុលនិយម និងអ្នកនយោបាយឱកាសនិយមតែប៉ុណ្ណោះ ហើយក៏មិនខុសអីពីល្បិចរបស់អ្នកជិតខាង យកភ្លើងមកដុតផ្ទះយើងនោះដែរ។ បញ្ហាជាតិ ជាបញ្ហាដែលប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិឈឺឆ្អាលនិងខ្វាយខ្វល់ ប៉ុន្តែក៏ត្រូវមានសុភវិនិច្ឆ័យចំពោះឧត្តមគតិ និងយុទ្ធសាស្ត្រត្រឹមត្រូវ និងច្បាស់លាស់របស់រដ្ឋាភិបាលផងក្នុងការការពារព្រំដែន អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី សមាហរណកម្ម និងការអភិវឌ្ឍជាតិ»។
ជាមួយគ្នានេះលោកបណ្ឌិត គិន ភា បានប្រកាសគាំទ្រទាំងស្រុង ចំពោះការបកស្រាយប្រកបដោយភាពពិស្ដារបស់សម្ដេចតេជោ ហ៊ុន សែន របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាស្ថាប័នជំនាញ និងជាពិសេសគឺទឡ្ហីករណ៍វិទ្យាសាស្រ្តរបស់រាជបណ្ឌិត្យសភាកម្ពុជា៕
ខាងក្រោមនេះ គឺជាការលើកឡើងទាំងស្រុងរបស់ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា៖