(ភ្នំពេញ)៖ ពលរដ្ឋរងគ្រោះក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រោយបានជួបមេធាវីរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលគិតគូរ និងយកចិត្តទុកដាក់ជាមួយពួកគាត់ដែលជាជនរងគ្រោះ។

ពលរដ្ឋរងគ្រោះទាំងអស់បានបង្ហាញនូវក្ដីរំពឹងខ្ពស់ នៃពន្លឺយុត្តិធម៌ ក្រោយទទួលបានការពន្យល់តាមទិដ្ឋភាពច្បាប់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ។ ពួកគាត់ជឿជាក់លើសមត្ថភាពរបស់មេធាវីរាជរដ្ឋាភិបាល ក្នុងការជួយការពារក្ដីជូនពួកគាត់តាមផ្លូវតុលាការ ។

ក្រៅពីបានថ្លែងអំណរគុណជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ហើយនោះ ពួកគាត់ក៏បានថ្លែងអំណរគុណដល់លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដែលចំណាយពេលវេលាដ៏មានតម្លៃជួបពន្យល់ដោយផ្ទាល់ទៅកាន់ពួកគាត់។

សូមជម្រាបថា ក្រុមមេធាវីរាជរដ្ឋាភិបាល ដឹកនាំដោយលោក គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្រោយការប្រគល់សិទ្ធិពីសម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានប្រឹងប្រែងជួបជាមួយពលរដ្ឋរងគ្រោះ ចំនួន១១លើក ( សរុបពលរដ្ឋរងគ្រោះចំនួន ៣៧១៣រូប ) រួចមកហើយ ។

លោក គី តិច បានអះអាងថា នេះជាករណីធំ ស្មុគ្រស្មាញដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចចាត់មេធាវីរាជរដ្ឋាភិបាល ទៅជួយការពារក្ដីដោយមិនគិតថ្លៃសេវាពីប្រជាពលរដ្ឋ ក្នុងសំណុំរឿងឯកជនបែបនេះ ព្រោះមេធាវីរាជរដ្ឋាភិបាល មានតួនាទីក្នុងការការពារសិទ្ធិ និងផលប្រយោជន៏ របស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ ។
តាមរយៈយន្ដការនេះ លោក គី តិច បានលើកឡើងថា ទាំងអស់នេះបង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

សូមទស្សនាការលើកឡើងរបស់ប្រជាពលរដ្ឋរងគ្រោះដូចខាងក្រោម៖