(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ «ក៨» នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលមានគ្នា៧នាក់ ជិះម៉ូតូ៤គ្រឿង នៅក្បែផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រហូតដេញបង្ក្រាបទៅដល់ក្បែវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏បាញ់២គ្រាប់ បណ្ដាលឲ្យជនល្មើសម្នាក់រងរបួស ហើយចាប់បានតែម្ដង។
មន្ដ្រីនគរបាល ដែលចូលរួមប្រតិបត្តិការនេះ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនល្មើសទាំង៧នាក់ ជិះម៉ូតូ៤គ្រឿង បានយកគ្រឿងញៀន ទៅលក់ឲ្យភ្នាក់ងារដែលកម្លាំងបង្កប់របស់សមត្ថកិច្ច ហើយពេលយកគ្រឿងញៀនទៅឲ្យ ក៏ទទួលបានលុយ ប៉ុន្ដែពេលនោះដឹងថា ជាក្រុមសមត្ថកិច្ច ក៏នាំគ្នាបើកម៉ូតូរត់ ខណៈដែលជនល្មើសដែលត្រូវរបួសខាងលើនេះ បានរត់ទៅក្បែវត្តស្ទឹងមានជ័យ ទើបកម្លាំងសមត្ថកិច្ចបាញ់២គ្រាប់ ផ្ទុះមួយគ្រាប់ ចំជនល្មើសបណ្ដាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ ព្យាបាលសិន មុនចាត់វិធានការតាមផ្លូវច្បាប់។
បើតាមសមត្ថកិច្ច ជនល្មើសដែលសមត្ថកិច្ចបាញ់ប្រហារចំនេះ ឈ្មោះ ទូច មករា អាយុ៣០ឆ្នាំ មុខរបរប្រចាំថ្ងៃ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕