(ភ្នំពេញ)៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការយេនឌ័រក្រសួងមហាផ្ទៃ សម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «ទស្សនៈទានយេនឌ័រ និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ» នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងរយៈពេលមួយថ្ងៃពេញ ដោយមានកិច្ចសហការរវាងក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ តាមភាពចាំបាច់ ការផ្លាស់ប្តូរសមាសភាពថ្មីៗ ព្រមទាំងរំលឹកឡើងវិញនូវចំណេះដឹងមូលដ្ឋានអំពីទស្សនៈទានយេនឌ័រ ព្រមទាំងយុត្តវិធីមួយចំនួនក្នុងការបង្កើតភាពអង់អាចនិងភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រី។
លោកស្រី អុង សុភាវី បានលើកឡើងថា នៅគ្រប់កម្រិតនៅឆ្នាំ២០១៥ ការដាក់ចេញនូវគោលដៅ SDG ទី៥ អភិវឌ្ឍប្រកប ដោយចីរភាព ឆ្នាំ២០២៣ កាន់តែជំរុញបន្ថែមនូវរបៀបវារៈ «ការមិនបោះបង់នរណាម្នាក់ ឱ្យនៅឯកកោ» (Leave no one behind) ដែលបានកំណត់គោលដៅ៥ ស្តីពីការសម្រេចនូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប ដោយមានការចូលរួមពេញលេញ និងមានឱកាសដូចគ្នាក្នុងភាពជាអ្នកដឹកនាំ នៅគ្រប់កម្រិត នៃការធ្វើសេចក្តីសម្រេចនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសាធារណៈ។
លោកស្រីបន្តថា នៅក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៖ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ ដោយការលើកកម្ពស់តួនាទី ស្ត្រីនៃយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្ស (មុំទី៥ នៃបញ្ចកោណទី១), និងបន្តបង្កើនការវិនិយោគលើយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈនៅគ្រប់កម្រិត (មុំទី១ នៃបញ្ចកោណទី៤) នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍប្រកបដោយភាពធន់ និងបរិយាបន្ន តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រី គឺជាស្នូល»។
ទន្ទឹមនឹងនោះដែរ ក្រោមការដឹកនាំរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍សំខាន់ៗ ដល់ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបន្តលើកកម្ពស់តួនាទីមន្រ្តីជាស្រ្តីតាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពមន្រ្តីក្នុងជួរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ផ្តល់ឱកាសក្នុងការជ្រើសឱ្យកាន់មុខតំណែង សំខាន់ៗ។
ឆ្លៀងក្នុងឱកាសនោះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីផ្នែកពន្ធនាគារ និងក្នុងនាមលោកស្រី អុង សុភាវីផ្ទាល់ សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA» ផងដែរ៕