(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងប្រឆាំងនឹងការអភិវឌ្ឍប្រទេសជាតិ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ស ថេត ធ្វើសន្និសីទសារព័ត៌មាន បញ្ជាក់ជំហររបស់កម្លាំងនគរបាលជាតិ គាំទ្ររាជរដ្ឋាភិបាល និងកំចាត់ក្រុមប្រឆាំងជ្រុលនិយម នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «កុំជឿ កុំលង់ ទៅលើពួកមួយក្ដាប់តូច ដែលចង់ឲ្យប្រទេសខ្ទេចខ្ទាំ ដែលចង់កម្ចាត់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ដោយឆន្ទៈរាស្ដ្រ ឲ្យគេចុះចេញ ហើយខ្លួនឯងឡើងមកគ្រប់គ្រងអំណាច ដោយខុសពីគន្លងប្រជាធិបតេយ្យ»។
ក្នុងនាមកម្លាំងនគរបាលជាតិទាំងមូល, នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ខ្លាំងៗទៀតថា «យើងខ្ញុំកម្លាំងនគរបាលជាតិទាំងមូល មិនអាចទទួលយកបានទេ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ដូច្នេះត្រូវបញ្ឈប់ជាបន្ទាន់ ក្នុងការចូលរួមណាមួយ ដែលវាមិនត្រឹមត្រូវតាមផ្លូវច្បាប់»។
ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានអំពាវនាវដល់ឪពុក-ម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ឬក៏អ្នកដែលចូលរួម សូមធ្វើការអប់រំណែនាំ ទៅដល់កូនចៅរបស់ខ្លួន ឲ្យចាកចេញឆ្ងាយពីក្រុមនេះ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ចូលរួមការគាំទ្រក្នុងការដឹកនាំ ក៏ដូចជាការអភិវឌ្ឍន៍ប្រទេស ព្រោះថា យើងជាអ្នកបន្តវេន ដូច្នេះយើងត្រូវគិតពិចារណា ឲ្យបានម៉ត់ចត់។
សូមជម្រាបថា ក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។
កម្លាំងនគរបាលជាតិទាំងមូល ក៏ចេញប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់ផងដែរ៕