(កំពង់ចាម)៖ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ លោក ផេង គីមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យ និងរកដំណោះស្រាយជួយសង្គ្រោះស្រូវប្រជាពលរដ្ឋកំពុងជួបគ្រោះរាំងស្ងួត នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ។
របាយការណ៍បានបង្ហាញថា ស្រូវប្រជាពលរដ្ឋប្រមាណជាង ១ពាន់ហិកតានៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម កំពុងជួបគ្រោះរាំងស្ងួត។ ក្នុងនោះស្រូវចំនួន ៤០ហិកតា បានរងការខូចខាត ហើយស្រូវរង្វង់ប្រមាណ ៣០ភាគរយទៀត នឹងបន្តខូចខាត បើមិនមានភ្លៀងធ្លាក់ទៀតទេនោះ។
ដោយសារតំបន់នោះគ្មានប្រឡាយអាចបូបស្រោចស្រពស្រូវបាននោះ លោក អ៊ុន ចាន់ដា និងលោក ផេង គីមស្រ៊ុន បានសម្រេចជីកអណ្តូងបូបទឹកជួយសង្រ្គោះស្រូវពលរដ្ឋមួយរយៈសិន។
ក្នុងនាមរដ្ឋមន្ត្រីក្រសួងកសិកម្ម, លោក ផេង គីមស្រ៊ុន បានប្រកាសជួយអណ្តូងទឹកចំនួន១០ ដល់ប្រជាពលរដ្ឋ ដើម្បីទាញយកទឹកសង្គ្រោះស្រូវជួបគ្រោះរាំងស្ងួត។
ប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួតប្រឈមខូចខាតស្រូវ បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណលោករដ្ឋមន្ត្រីកសិកម្ម លោកអភិបាលខេត្តកំពង់ចាម ក៏ដូចជាលោក ផេង គីមស្រ៊ុន បានចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវរបស់ពួកគាត់ពីគ្រោះរាំងស្ងួត។
នៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបានពិនិត្យ និងរកដំណោះស្រាយសង្គ្រោះស្រូវជួបគ្រោះរាំងស្ងួតហើយនោះ លោកអភិបាលខេត្តកំពង់ចាម និងលោក ផេង គីមស្រ៊ុន ក៏បានចុះពិនិត្យទូកងដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រគេនដល់វត្តសុវណ្ណជ្រៃមាសផងដែរ។ ទូកងនេះ មានប្រវែង៣៦ម៉ែត្រ ចំណុះ ៨១នាក់៕