(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់ឪពុកម្តាយ ឬអាណាព្យាបាលយុវជនមួយចំនួន ដែលចាញ់ការញុះញង់របស់ក្រុមប្រឆាំងក្រៅច្បាប់ រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម សូមធ្វើការអប់រំណែនាំទៅដល់កូនចៅរបស់ខ្លួនឱ្យចាកចេញឱ្យឆ្ងាយពីក្រុមឧទ្ទាមនេះ ចៀសវាងការរងទោសទណ្ឌផ្សេងៗ។
នាយឧត្តមសេនីយ៍ ស ថេត បានអំពាវនាវយ៉ាងដូចនេះ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នាឱកាសសន្និសីទសារព័ត៌មានបញ្ជាក់ជំហររបស់កម្លាំងនគរបាលជាតិ គាំទ្ររាជរដ្ឋាភិបាល និងកំចាត់ក្រុមប្រឆាំងជ្រុលនិយម។
នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងដូចនេះថា «សូមអំពាវនាវទៅដល់ឪពុកម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ឬអ្នកដែលចូលរួម គឺសូមធ្វើការអប់រំណែនាំទៅដល់កូនចៅ កូនក្មួយរបស់ខ្លួនឱ្យចាកចេញឱ្យឆ្ងាយពីក្រុមនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ចូលរួមក្នុងការគាំទ្រ ក្នុងការដឹកនាំក៏ដូចជាការអភិវឌ្ឍប្រទេសរបស់យើង»។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ទៀតថា យុវជនគឺអ្នកបន្តវេន ដូចនេះយើងត្រូវគិតពិចារណាឱ្យបានហ្មត់ចត់ បើរាជរដ្ឋាភិបាលដឹកនាំ និងគ្រប់គ្រងប្រទេសមិនបានទេ នោះក៏មិនមានការរីកចម្រើន និងមានការ ជឿនលឿនដូចពេលបច្ចុប្បន្ននោះទេ ទោះបីប្រទេសយើងមិនស្មើនឹងប្រទេសជឿនលឿន រីកចម្រើននៅលើពិភពលោកពិតមែន ប៉ុន្តែប្រទេសកម្ពុជាកំពុងបោះជំហានទៅយ៉ាងសកម្ម។
នាយកឧត្តមសេនីយ៍ បានបន្ថែមថា គ្មានប្រទេសណាដែលមានសិទ្ធិសេរីភាពជាងកម្ពុជានោះទេ ដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ យើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ចូលរួមជាមួយអាជ្ញាធរ ដើម្បីធ្វើឱ្យប្រទេសយើងមានស្ថិរភាព ទាំងផ្នែកនយោបាយ ទាំងសន្តិសុខ និងសង្គមរបស់យើងទាំងមូល ហើយកុំទៅជឿតាមការញុះញង់របស់មនុស្សមួយក្តាប់តូច ដែលថា «ការអភិវឌ្ឍតំបន់ត្រីកោណនេះ នៅពេលអនាគត់នឹងក្លាយទៅជារបស់ប្រទេសជិតខាង ឬក៏ជាការចាញ់ល្បិចកល់របស់ប្រទេសជិតខាងនោះ»។
នាយឧត្តមសេនីយ៍អគ្គស្នងការ បានបន្ថែមថា បើថ្នាក់ដឹកនាំរបស់កម្ពុជា មិនឆ្លាតនិងពូកែដឹកនាំប្រទេសនោះទេ យើងមិនអាចបញ្ចប់សង្គ្រាម មិនអាចអភិវឌ្ឍន៍ និងមិនអាចរកសន្តិភាពបាននោះទេ សូមបងប្អូនពិចារណា ដេកគិត អង្គុយគិតឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងការសម្រេចចិត្តធ្វើអ្វីមួយនោះ។
សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាព ប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីទាំង៤ខេត្តរួមមាន ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ នោះទេ គ្រាន់តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នាប៉ុណ្ណោះ។ ទឹកដីរបស់កម្ពុជា គឺកម្ពុជាអភិវឌ្ឍដោយទឹកប្រាក់របស់ខ្លួន ចំណែកនៅដីវៀតណាម និងឡាវក៏ដូចគ្នា ពួកគេអភិវឌ្ឍដោយប្រាក់របស់ពួកគេ គឺគ្មានការចែកផលរួមនោះឡើយ៕