(ពោធិ៍សាត់)៖ ជនជាតិវៀតណាមម្នាក់ បានស្លាប់បាត់បង់ជីវិត រយៈពេល២ថ្ងៃ ទើបរកសពអណ្តែតទឹក ក្នុងហេតុការណ៍បើកកាណូតទៅបុកបង្គោលឡូត៍នេសាទ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខកំពង់ឃ្នាស លើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បើកកាណូតទៅបុកនឹងបង្គោលឡូត៏នេសាទនោះ មានឈ្មោះ ង្វៀង យ៉ាំងអឺ អាយុ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា២នាក់ បានជិះកាណូតពីឆ្នុកទ្រូ មករកទិញកាណូតនៅឃុំកំពង់លួង ស្រុកក្រគរ លុះពេលត្រឡប់ទៅវិញ ជនរងគ្រោះបានជិះកាណូតមកម្នាក់ឯង ពេលដល់ចំណុចកើតហេតុខាងលើ បានទៅបុកនឹងបង្គោលឡូត៏នេសាទ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត រហូតមកដល់វេលាម៉ោង១២៖៣០ទីរសៀល ថ្ងៃទី២៤ ខែកញ្ញានេះ ទើបសមត្ថកិច្ចរកសាកសពឃើញ និងធ្វើកំណត់ហេតុប្រគល់សាកសព ជូនគ្រួសាររងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕