(ភ្នំពេញ)៖ សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៩ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍មេគង្គ-ឡានឆាង ប្រកបដោយសុវត្ថិភាព និងស្អាតជាងមុន» នឹងផ្តល់នូវកាលានុវត្តភាពសម្រាប់រដ្ឋមន្ត្រីការបរទេស ដើម្បីពិភាក្សាពីវឌ្ឍនភាព ដែលសម្រេចបានក្រោមយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមានការអនុវត្តនូវលទ្ធផល ដ៏សំខាន់ៗនៃកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ កាលពីខែធ្នូ ឆ្នាំ ២០២៣ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ព្រមទាំងការស្វែងរកវិធីឱ្យកាន់តែ ប្រសើរឡើង ដោយផ្អែកលើផែនការសកម្មភាព ៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ក្នុងការជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គទាំងមូល។
ក្នុងពេលស្នាក់នៅខេត្តឈៀងម៉ៃ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្ត្រីការបរទេស ដទៃទៀតនឹងចូលជួបសម្តែងការគួរសមជាមួយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រថៃ។ លោកឧបនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នា ផងដែរ ជាមួយរដ្ឋមន្ត្រីការបរទេសដទៃទៀត សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហ ប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕