(ព្រះវិហារ)៖ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេតចុះមូលដ្ឋានស្រុកឆែប និងលោកស្រី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកទៀនព្រះវស្សា ទេយ្យវត្តុ បច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្ដសុវណ្ណគីរី (ហៅវត្ដឆែប) ស្ថិតនៅក្នុងឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ និយាយដោយឡែកប្រជាពលរដ្ឋក្នុងស្រុកឆែប របស់យើង។
លោក ច័ន្ទ សុភ័ក្ត្រា បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីការអភិវឌ្ឍរបស់ប្រទេសជាតិយើងក្រោមការដឹកនាំដ៍ឈ្លាសវៃនិងបុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បានធ្វើប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធសេរីភាព ពិសេសធ្វើឱ្យផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ មានការរីកចម្រើនជាបន្តបន្ទាប់ ដូចដែលយើងបានឃើញជាក់ស្តែងទាំងអស់គ្នាសព្វថ្ងៃនេះ។
លោកឧត្តមសេនីយ៍ទោ ក៏បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៍អស្ចារ្យ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមអបអរសាទរយ៉ាងកក្រើក ដោយបានទូងស្គរ គោះត្រដោក ទះប៉ោត ថ្ងៃបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»ក្រោមអធិបតីភាពដ៍ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត លោកក៏បានថ្លែងកោតសរសើរដល់ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងស្រុកឆែប ដែលបានចូលរួមអបអរសាទរទាំងអស់គ្នា ក្នុងថ្ងៃនោះដែរ។
សូមបញ្ជាក់ថាទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ដែលនាំប្រគេនព្រះសង្ឃនាពេលនេះរួមមាន៖ទៀនវស្សា ១គូ .ទឹកក្រូច០៥កេស .ទឹកសុទ្ធ០៥កេស .ទឹកសុីអុីវ០៥យួរ .មុី០៥កេស .ត្រីខ០២កេសធំ .អំបិល៥០គីឡូ .ខ្ទឹមសរ០៥គីឡូ .ប៊ីចេង០៥គីឡូ .អង្ករ១០០គីឡូ .ប្រេងម៉ាស៊ូត៣០លីត្រ និងបច្ច័យកសាង ចំនួន ៥,៤៤៥,០០០រៀល ផងដែ៕