(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនោះគឺការប្រកួតម៉ូតសក់ និងសម្រស់ អូឡាំពិកអាស៊ីប៉ាស៊ីហ្វិក លើកទី២៨ នៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុននេះ ដើម្បីឱ្យកូនខ្មែរមានឱកាសបង្ហាញ ទេពកោសល្យទៅកាន់ពិភពលោក ដោយមានការចូលរួមចំនួន ១៨ប្រទេស។
នាថ្មីៗនេះ ក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំកំពូលសមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិច បានបោះឆ្នោតដោយលទ្ធផលបាន សម្រេចជាឯកច្ឆ័ន្ធផ្តល់ទំនុចចិត្តដល់កម្ពុជា ឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កម្មវិធីប្រកួតម៉ូតសក់ និងសម្រស់ អូឡាំពិកអាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ឆ្នាំ២០២៤ ដោយមើលឃើញអំពីសុខសន្តិភាពពេញបរិបូរណ៍ ស្ថិរភាពនយោបាយ ប្រជាជនមានជីវភាពធូរធារ ភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសភាពរីកចម្រើននៃឧស្សាហកម្មសក់ សម្រស់ និងសម្អាង នៅកម្ពុជា។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ ថ្នាក់ដឹកនាំសមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិច បានសម្រេចឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះម្តងហើយ តែពេលនោះសមត្ថភាពបរបស់កម្ពុជានៅកម្រិត ទើបកម្ពុជាស្នើសុំពន្យារពេលសិន។
កម្មវិធីនេះ គឺជាវេទិការលំដាប់អន្តរជាតិ ដើម្បីបង្ហាញនូវទេពកោសល្យរបស់ជាងសក់ និងអ្នកសម្អាងរបស់កម្ពុជា និងអន្តរជាតិ ជូនដល់ពិភពលោក។ នៅលើវេទិកានោះផងដែរ ក៏ចង់ផ្ដល់នូវការចែករំលែកចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិតដើម្បីបង្ហាញគ្នាទៅវិញទៅមក និងរកឱ្យឃើញអ្នកដែលប្រកួតឈ្នះ ជើងឯកនូវមុខវិជ្ជានីមួយៗ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ម្យ៉ាងវិញទៀត ក៏ចង់ឱ្យឧស្សាហកម្មសក់ សម្រស់ និងសម្អាងនេះ មានការធ្វើបច្ចុប្បន្នភាព (Update) បែបទាន់សម័យ ជាបន្តបន្ទាប់ និងមានរចនាបទថ្មីៗ ចុងក្រោយបំផុត នឹងផ្ដល់ឱកាសយ៉ាងច្រើនដល់ជាងសក់ និងសម្អាងក្នុងការជំរុញស្នាដៃក្នុងអាជីពរបស់ពួកគាត់។
ក្នុងនាមជាប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា អ្នកគ្រូ ស៊ុន ហៀង បានលើកឡើងថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតដ៏អស្ចារ្យនេះ គឺមិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ គឺជាការនាំយកឧស្សាហកម្មសក់ សម្រស់ និងសម្អាង របស់ពិភពលោកមកកាន់កម្ពុជា នាំយកឧស្សាហកម្មសក់ សម្រស់ និងសម្អាងរបស់កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងជាប្រភពនៃការពង្រឹង ជំនាញឱ្យបានស្ទាត់ផងដែរ។
អ្នកគ្រូ បានបញ្ជាក់បន្ថែមថា ជាមួយគោលបំណងច្បាស់លាស់ ដែលជំរុញឱ្យសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ក្រោមកិច្ចសហការគាំទ្រពីសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា សម្រេចចិត្តរៀបចំកម្មវិធីប្រកួតនេះ មានដូចជា៖ ១៖ ជួយឱ្យពិភពលោកស្គាល់ពីសក្តានុពលនៃឧស្សាហកម្មសក់ សម្រស់ និងសម្អាងរបស់កម្ពុជា ២៖ កម្ពុជាយើងពិតជាមានមោទនភាព និងភាពរីករាយក្រៃលែង ដែលយើងបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីដ៏ពិសេសអស្ចារ្យនៅឆ្នាំ២០២៤នេះ ជាពិសេសគឺ ១៨ឆ្នាំ ទើបមានម្តងនៅកម្ពុជា ៣៖ ដឹកនាំបងប្អូនរួមអាជីពក្នុងវិស័យសក់ សាឡន និងសម្រស់ទាំងអស់ បង្ហាញស្នាដៃពិសេស ការច្នៃប្រឌិត ជូនដល់ពិភពលោក និង៤៖ ជួយជំរុញ និងជ្រោមជ្រែងឧស្សាហកម្មសក់ សម្រស់ និងសម្អាងនៅកម្ពុជាឱ្យរីកចម្រើនខ្លាំងក្លា។
ព្រឹត្តិការណ៍នេះ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ឧស្សាហកម្មសក់ សម្រស់ និងសម្អាង របស់កម្ពុជា។ វាផ្តល់ឱ្យអ្នកជំនាញផ្នែកសម្រស់ក្នុងស្រុកនូវឱកាសដើម្បីរៀនពីអ្នកជំនាញអន្តរជាតិ ទទួលបានការបង្ហាញពីនិន្នាការពិភពលោក និងបង្កើនជំនាញរបស់ពួកគេ។ ព្រឹត្តិការណ៍នេះក៏ជំរុញការមើលឃើញអំពីភាពរោះចម្រើននៃអាជីវកម្មក្នុងឧស្សាហកម្មសក់ សម្រស់ និងសម្អាង នៅកម្ពុជា ដោយទាក់ទាញអតិថិជនសក្តានុពល និងដៃគូមកពីប្រទេសផ្សេងៗ។ លើសពីនេះ វាជួយកំណត់ទីតាំងប្រទេសកម្ពុជាជាតួអង្គសំខាន់ក្នុងឧស្សាហកម្មសម្រស់អាស៊ីប៉ាស៊ីហ្វិក ជំរុញកំណើន និងការអភិវឌ្ឍន៍ក្នុងវិស័យនេះ។
បន្ថែមពីនេះ ព្រឹត្តិការណ៍សំខាន់ៗ ក្នុងកម្មវិធីប្រកួតនេះ នឹងមានដូចជា៖
*១៖ កិច្ចប្រជុំគណៈកម្មការ(ចៅក្រម)ដាក់ពិន្ទុកម្រិតអាស៊ីប៉ាស៊ីហ្វិច
*២៖ ពិសារអាហារធុរកិច្ចស្វាគមន៍គណៈប្រតិភូសមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិច ចំនួនជាង១០ប្រទេស។
*៣៖ ក្បួនព្យូហយាត្រាបើកកម្មវិធីប្រកួតផ្លូវការ ដោយមានផែនដើរក្បួនតាមប្រទេស និងគណៈប្រតិភូសរុបចំនួន ២០ផែន។
*៤៖ ប្រកួតប្រជែងលើវិញ្ញាសាចំនួន៨ គឺ ១៖ កាត់សក់នារី រួមបញ្ចូល និងការច្នៃពណ៌សក់ (Woman Hairdressing Free Style) ២៖ កាត់សក់បុរស រួមបញ្ចូល និងការច្នៃពណ៌សក់ (Man Hairdressing Free Style) ៣៖ ការតុបតែងមុខកូនក្រមុំ (Bridal Make-up) ៤៖ការតុបតែងមុខបែបហ្វេនតាស៊ី (Professional Fantasy Make-u) ៥៖ ការបង្កើតពណ៌សក់បែបសម័យថ្មី (Creative Color Hair Style) ៦៖ប៉ាក់ ឬ ផ្លុំចិញ្ចើម (PMU) ៧៖តរោមភ្នែក (Eyelash Extension) និង ៨.ហ្វេនតាស៊ីក្រចក (Fantasy Nail Art)។
*៥៖ កម្មវិធីធ្វើបទបង្ហាញ ចែករំលែក និងរៀនសូត្រ។
*៦៖ កម្មវិធីប្រគលល់ពានជ័យលាភី កិត្តិយស និងការទទួលស្គាល់ផ្សេងៗ។
*៧៖ កម្មវិធីតាំងបង្ហាញផលិតផលសេវាកម្មនានា។
*៨៖ កម្មវិធីប្រគល់ទង់កម្មវិធីប្តូរវេនរៀបចំការប្រកួតលើកទី២៩ ជូនតៃវ៉ាន់។
*៩៖ កម្មវិធីអាហារសាមគ្គីអបអរសាទរកម្មវិធីប្រកួត។
*១០៖ អ្នកចូលរួមរួមមានបេក្ខនារី ចៅក្រម និងប្រតិភូមកពីជាង ១០ប្រទេស ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍អន្តរជាតិ យ៉ាងពិតប្រាកដ។
លើសពីនេះ វិស័យសាឡន ក្នុងប្រទេសកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានការកើនឡើងចំនួនអ្នកជំនាញជំនាញ និងសេវាកម្មគុណភាពខ្ពស់ បានលេចឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ វិស័យនេះត្រូវបានគាំទ្រដោយសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ដែលផ្តល់វេទិកាសម្រាប់ការបណ្តុះបណ្តាល វិញ្ញាបនបត្រ និងការទំនាក់ទំនងកម្រិតជាតិ និងកម្រិតអន្តរជាតិ។
កិច្ចគាំទ្ររបស់ រាជរដ្ឋាភិបាលកម្ពុជា និងការវិនិយោគពីវិស័យឯកជន ក៏កំពុងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មនេះឱ្យរីកចម្រើនខ្លាំងក្លា។ វិស័យសាឡន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារនៅក្នុងប្រទេសកម្ពុជា ចូលរួមកាត់បន្ថយភាពក្រីក្រ បង្កើតសហគ្រិនថ្មីៗ និងជួយឱ្យកម្ពុជាមានសម្រស់កាន់តែស្រស់ស្អាត ជាបានផ្តល់ឱកាសសម្រាប់ស្ត្រី និងអ្នកជំនាញវ័យក្មេងជាច្រើន។ វិស័យសាឡនក៏បានក្លាយជាប្រភពចំណូល សម្រាប់ប្រជាជនកម្ពុជាជាច្រើន ចាប់ពីម្ចាស់ហាងសាឡន រហូតដល់អ្នកជំនាញផ្នែកសម្រស់ និងបុគ្គលិកជំនួយផ្សេងៗទៀត។ ការរីកចម្រើននៃវិស័យនេះបានជួយលើកកម្ពស់កម្រិតជីវភាពសម្រាប់អ្នកពាក់ព័ន្ធ និងបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ។ សាឡនបានរីកដុះដាលទាំងនៅទីក្រុង និងទាំងនៅតាមខេត្ត។ នៅគ្រប់ផ្សារទំនើប ផ្សារក្នុងស្រុក បុរី មានហាងសាឡនជាច្រើន និងសម្បូរបែប។ នៅតាមផ្សារទីរួមខេត្ត ទីរួមស្រុក ទីក្រុង ទីប្រជុំជន គ្រប់ឃុំ សង្កាត់ គ្រប់ភូមិ មានហាងសាឡន ដែលមានជំនាញ និងស្នាដៃល្អ។
ឧស្សាហកម្មសាឡន និងសម្រស់ បានចូលរួមយ៉ាងសកម្មភាពក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចូលរួមគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១,៥លាននាក់ និងចូលរួមក្នុងការទាញយកំណើនទេសចរណ៍មកកម្ពុជា។
APHCA បានរំពឹងថា ការប្រកួតនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ជាប្រវត្តិសាស្ត្រសម្រាប់ ឧស្សាហកម្មសក់ សម្រស់ និងសម្អាង របស់កម្ពុជា ដែលមិនត្រឹមតែបង្ហាញពីទេពកោសល្យមិនគួរឱ្យជឿនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកំពស់ស្តង់ដារនៃឧស្សាហកម្មសក់ សម្រស់ និងសម្អាង នៅក្នុងប្រទេសកម្ពុជាផងដែរ។ យើងសង្ឃឹមថាវានឹងជំរុញទឹកចិត្តអ្នកចូលរួមឱ្យបន្តស្វែងរកឧត្តមភាព ជំរុញកិច្ចសហការកាន់តែច្រើន ក្នុងចំណោមអ្នកជំនាញក្នុងឧស្សាហកម្ម និងត្រួសត្រាយផ្លូវសម្រាប់ការច្នៃប្រឌិតនាពេលអនាគត។ ជាចុងក្រោយ យើងមានបំណងឱ្យព្រឹត្តិការណ៍នេះ ដើម្បីបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងលើឧស្សាហកម្មសក់ សម្រស់ និងសម្អាងនៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សូមជម្រាបដែរថា ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះមានន័យថា អ្នកចូលរួមទទួលបាននូវការបង្ហាញស្នាដៃដែលមិនអាចប្រៀបផ្ទឹមបាន ពង្រឹងជំនាញរបស់ខ្លួនក្នុង កម្រិតស្តង់ដារអន្តរជាតិ និងការផ្សារភ្ជាប់ជាមួយនឹងគំនិតដ៏អស្ចារ្យមួយចំនួននៅក្នុងវិស័យរៀងៗខ្លួន។ ដើម្បីគាំទ្រដល់បងប្អូន សាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា និងសមាគមជាងសក់ និងសម្អាងនៅកម្ពុជា នឹងធ្វើផ្តល់ប្រឹក្សា និងរៀបចំសិក្ខាសាលាណែនាំបងប្អូន ដើម្បីត្រៀមចូលរួមប្រកួតឱ្យបានល្អ ជាបន្តបន្ទាប់។ សមាគមនឹងជួយបង្កើនទំនុកចិត្ត និងជំនាញបច្ចេកទេសសំខាន់ៗរបស់បងប្អូន។ លើសពីនេះទៅទៀត បងប្អូននឹងមានឱកាសជួប និងរៀនសូត្រពីបងប្អូនផ្សេងៗទៀតដែលជាបេក្ខជនធ្លាប់បានចូលរួមប្រកួតកន្លងមក និងអ្នកជំនាញដែលមានការទទួលស្គាល់ស្នាដៃ ដែលនឹងចូលរួមចែករំលែកបទពិសោធន៍ និងផ្តល់ដំបូន្មានល្អៗជូនដល់បងប្អូន។
អ្វីដែលកាន់តែពិសេសព្រិត្តិការណ៍នេះ ក៏បានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យវប្បធម៍ និងមានការនាំភ្ញៀវទេសចរណ៍មកពីបណ្ដាប្រទេសផ្សេងៗ មកប្រទេសកម្ពុជា ក្នុងព្រិត្ដិការណ៍អាស៊ីប៉ាស៊ីហ្វិកនេះផងដែរ៕