(កំពង់ធំ)៖ គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង និងអធិការកិច្ច នៃរដ្ឋសភា ដឹកនាំដោយលោក សរ ចំរុង ប្រធានគណៈកម្មការ បានជួបប្រជុំការងារជាមួយរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីសមិទ្ធផលការងារ បញ្ហាប្រឈម និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់រដ្ឋបាលខេត្តកំពង់ធំ។
កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពនៃវិស័យពាក់ព័ន្ធនានាក្នុងខេត្តជូនគណៈប្រតិភូ សុំគោលការណ៍ដើម្បីកាត់បន្ថយទំនាស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
លោកបានជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីយន្តការដោះស្រាយវិវាទដីធ្លីនៅក្នុងខេត្ត ដោយនៅក្នុងឆ្នាំ២០២៤នេះ ចាប់ពីខែមករា ដល់ខែសីហា រដ្ឋបាលខេត្តបានទទួលបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៣៥ករណី ក្នុងនោះអាជ្ញាធរខេត្តបានសម្របសម្រួលដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋទៅតាមយន្តការជាច្រើន ក្រៅប្រព័ន្ធតុលាការក្នុងខេត្តកំពង់ធំ បានសម្រេចបញ្ចប់រឿងចំនួន៣ករណីផងដែរ។
លោក សរ ចំរុង បានលើកពីគោលបំណងនៃបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តកំពង់ធំថា ក្រៅពីការស្វែងយល់នូវភាពរីកចម្រើន និងបញ្ហាប្រឈម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងដំណើរការនៃការគោរពសិទ្ធិមនុស្សនៅក្នុងខេត្តកំពង់ធំ ព្រមទាំងស្វែងយល់អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្តនេះផងដែរ។
លោក សរ ចំរុង បានបន្ថែមទៀតថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា គណៈកម្មការបានទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ មានចំនួន៣៥រឿង អន្តរាគមន៍ពាក្យបណ្តឹងចំនួន១៦រឿង ពាក្យបណ្តឹងកំពុងពិនិត្យចំនួន១៩រឿង និងលិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន៣រឿង៕