(ព្រះវិហារ)៖ លោក សរ ចំរុង ប្រធានគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាជាមួយលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត ស្តីពីការស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីក្នុងខេត្តព្រះវិហារ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសម្តែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ដែលបានដឹកនាំ គណៈប្រតិភូ មកបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដើម្បីស្វែងយល់ វឌ្ឍនភាពការងារ និងយន្តការដោះស្រាយករណីទំនាសដីធ្លីរបស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ នាឱកាសនេះ។
លោកអភិបាលខេត្តព្រះវិហារថ្លែងទៀតថា ដំណើរបំពេញបេសកកម្មរបស់លោក សរ ចំរុង និងប្រតិភូនាឱកាសនេះ គឺបានសបញ្ជាក់ឱ្យឃើញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានខេត្តព្រះវិហារ ជាពិសេសគឺការដោះស្រាយបញ្ហា ទំនាស់ដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារផងដែរ។
លោក គីម រិទ្ធី ក៏បានរាយការណ៍ដោយសង្ខេបជូនលោក សរ ចំរុង និងគណៈប្រតិភូ ពីស្ថានភាពទូទៅរបស់រដ្ឋបាលខេត្ត និងវឌ្ឍនភាពនៃការអនុវត្តការងារវិស័យដីធ្លី និងវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងខេត្តព្រះវិហារ។
លោកថាការដោះស្រាយសំណើ សំណូមពរ ពាក់ព័ន្ធនឹងវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៣ និងឆមាសទី១ ឆ្នាំ២០២៤នេះ សរុប១១៦ករណី ក្នុងនោះ រដ្ឋបាលខេត្តបានទទួលពីក្រសួងមហាផ្ទៃចំនួន ១៩ករណី បានដោះស្រាយ និងបំភ្លឺរួចរាល់, បានទទួលពីក្រសួងរៀបចំដែនដីចំនួន២៩ករណី បានដោះស្រាយ និងបំភ្លឺរួចរាល់, បានទទួលពីអង្គភាពប្រឆាំងអំពើពុករលួយចំនួន០១ករណី បានដោះស្រាយ និងបំភ្លឺរួចរាល់ និងបានទទួលក្នុងមូលដ្ឋានចំនួន៦៧ករណី កំពុងដោះស្រាយដោយរដ្ឋបាលខេត្ត២៤ករណី បញ្ជូនទៅរដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ១០ករណី, បានដោះស្រាយបញ្ចប់ចំនួន១៨ករណី ច្រានចោលសំណុំរឿងចំនួន១៥ករណី ដោយពាក្យបណ្តឹង បានដោះស្រាយបញ្ចប់រួចរាល់ ប៉ុន្តែមានការប្តឹងសារជាថ្មីឡើងវិញ។
ថ្លែងក្នុងឱកាសនោះលោក សរ ចំរុង បានជម្រាបជូនថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ អំពីភារកិច្ចសំខាន់ៗរបស់រដ្ឋសភា ដែលមានដូចជាការងារនីតិកម្ម ការតាមដាន ការអនុវត្តច្បាប់ និងភាពជាអ្នកតំណាងរបស់ពលរដ្ឋ ព្រមទាំងបានជម្រាបជូនពីគោលបំណងនៃបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តព្រះវិហារ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។
ជាមួយគ្នានេះផងដែរលោក សរ ចំរុង ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់យ៉ាងត្រឹមត្រូវ៕