(ពោធិ៍សាត់)៖ លោកស្រី រស់ សូរក្ខា រដ្ឋលេខាធិការ តំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពអនុវត្តការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍» (ជំហានទី៣) ជូនដល់មន្ត្រីរាជការ នៃមន្ទីរប.ទ.ខេត្តតំបន់៣ លើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ Pursat River Side ដោយបានការចូលរួមពីលោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត, លោក អ៊ូ ឆៃ ប្រធានមន្ទីរប.ទ.ខេត្តពោធិ៍សាត់ លោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរប.ទ. ខេត្តតំបន់៣ យ៉ាងច្រើនកុះករ។
គោលបំណងសំខាន់ នៃសិក្ខាសាលានេះ គឺដើម្បី៖
ទី១៖ ផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។
ទី២៖ បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍។
ទី៣៖ ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មី ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
សូមជម្រាបជូនថា សិក្ខាសាលាស្ដីពី «ការពង្រឹងសមត្ថភាពអនុវត្តការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍» (ជំហានទី៣) សម្រាប់មន្ទីរប.ទ.ទាំង២៤ បាននឹងកំពុងរៀបចំ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលត្រូវធ្វើនៅ៤ទីតាំងផ្សេងគ្នា រួមមាន៖
-ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤
-ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤
-ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
-រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៕