Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យកលុយអស់៤០លានរៀល និងមាស៨តំឡឹង

24-09-2016 14:54

(សៀមរាប)៖ បុរសម្នាក់ដើរទៅចម្ការ បានប្រហែលជាង២ម៉ោង ស្រាប់តែត្រូវចោរមួយក្រុមឡើងគាស់ផ្ទះ យកលុយ និងមាសអស់ជាច្រើនតំឡឹង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅស្រុកជីក្រែង ខេត្តសៀមរាប គួរឲ្យអាណិតយ៉ាងខ្លាំង ខណៈទ្រព្យសម្បត្តិទាំងនេះ បានខិតខំរកទាំងញើសឈាម។

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹង នៅយប់ថ្ងៃនោះ ជនរងគ្រោះមានឈ្មោះ លុន បូរ៉ា អាយុ៤៣ឆ្នាំ រស់នៅភូមិយាង ឃុំឫស្សីលក បានមកប្តឹងសមត្ថកិច្ចនគរបាលថា មានផ្ទះរបស់គាត់ត្រូវ បានជនមិនស្គាល់មុខ ធ្វើសកម្មភាពគាស់ក្តារពីក្រោមផ្ទះ ឡើងទៅលើ ដោយធ្វើសកម្មភាព កាត់ត្រចៀកសោរ កេះដែកសម្រាប់ដាក់ របស់របរមានតំលៃ យកអស់រលីង។

លោកអធិការស្រុក បានបន្តថា របស់ដែលជនសង្ស័យ បានយកទៅមាន ប្រាក់៤០លានរៀល ខែ្សកមាស៣ខ្សែ ខែ្សដៃមាស២ខែ្ស ជញ្ជៀនមាស២វង់ និងបន្តោមាស់០១ សរុបអស់៨តំឡឹងមាស។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចមិនទាន់ដឹងថា ជនល្មើសមានគ្នាប៉ុន្មាននាក់នោះទេ ពីព្រោះរឿងនេះស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចនៅឡើយ ហើយកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕