(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាធិបតីភាពនៅក្នុងពិធីប្រកាសតែងតាំងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនបាក់ដៃទ្វេភាគី ស្ថិតនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។
នៅក្នុងឱកាសនោះ អភិបាលខេត្តតាកែវ បានណែនាំប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនបាក់ដៃ និងមន្ត្រីដែលឈរជើងនៅច្រកទ្វារបាក់ដៃទាំងអស់ត្រូវធ្វើយ៉ាងណាទប់ស្កាត់រាល់ទំនិញគេចពន្ធឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្សឆ្លងដែន ការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ជាពិសេសត្រូវធ្វើការទប់ស្កាត់ឲ្យបានចំពោះការលួចនាំសាច់បង្កកខុសច្បាប់ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាយើង។
លោក វ៉ី សំណាង បានបន្តថា សាច់បង្កកដែលលួចនាំចូលដោយខុសច្បាប់មកកាន់ទីផ្សារកម្ពុជា វានឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងដែលទិញសាច់បង្កកនេះយកទៅពិសារប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ នៅពេលអនាគត ជាពិសេសវានឹងធ្វើឲ្យពួកគាត់ចំណាយថវិកាយ៉ាងច្រើនទៅលើការព្យាបាលជំងឺដែលបណ្ដាលមកពីការហូបសាច់ហូបបង្កកនេះ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានណែនាំដល់មន្ត្រីទាំងអស់ដែលឈរជើងនៅតាមព្រំដែនធ្វើយ៉ាងណា ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយខាងភាគីវៀតណាម ក្នុងការសម្របសម្រួលទំនិញចេញចូលរវាង ប្រទេសទាំងពីរឲ្យមានភាពរលូន៕