(ព្រះវិហារ)៖ ជនសង្ស័យចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តនគរបាលខេត្តព្រះវិហារ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការទៅតាមច្បាប់ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោយជនសង្ស័យជាក្មេងទំនើងទាំងនេះ ធ្វើសកម្មភាពដេញកាប់ និងវាយជនរងគ្រោះ២នាក់បណ្តាលឱ្យរបួសធ្ងន់។
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃនេះថា ក្រុមក្មេងទំនើងទាំងនេះត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលស្រុកជាំក្សាន្ត ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយក្រុមក្មេងទំនើងទាំងនេះធ្វើសកម្មភាពដេញកាប់ និងវាយជនរងគ្រោះ២នាក់ឱ្យរបួសធ្ងន់ នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត។
លោក គង់ គា បានថ្លែងបញ្ជាក់ប្រាប់ទៀតថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៥.០០នាទីល្ងាច ក្រុមក្មេងទំនើងមួយក្រុមបានធ្វើការស្ទាក់នឹងគប់ទឹសុទ្ធទៅលើអ្នកដំណើរ២នាក់ ដែលជាអតីតគូរទំនាស់ នឹងគ្នាកន្លងមក ក្រៅពីស្ទាក់នឹងគប់ទឹកសុទ្ធ ក្រុមក្មេងទំនើងទាំងនេះថែមទាំងបានដេញកាប់ និងវាយជនរងគ្រោះ វាយម៉ូតូ បណ្តាលឱ្យរបួស និងខូចខាត ហើយក៏ធ្វើសកម្មភាពគេចខ្លួនតែម្តង។
លោកនាយការិយាល័យថ្លែងបញ្ជាក់បន្ថែមទៀតថា ក្រោយទទួលព័ត៌មាននេះភ្លាម និងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាលស្រុកជាំក្សាន្ត ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពនូវទោសកំហុស ហើយសមត្ថកិច្ចក៏បានធ្វើការកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងទំនើងទាំងនេះទៅតាលាការដើម្បីចាត់ការទៅតាមច្បាប់៕