(ភ្នំពេញ)៖ នៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការវិវឌ្ឍន៍តទៅមុខ ដោយឈរលើវិថីអភិវឌ្ឍប្រកដោយគុណភាព និងចីរភាព ក្នុងនោះសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ឈរក្នុងលំដាប់ទី១ នៃការចំណាយលើក្រសួង និងស្ថាប័នផ្សេងៗ ក្នុងគោលដៅដើម្បីអភិវឌ្ឍលើធន់ធានមនុស្ស។
តាមរយៈយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ឃើញថាវិស័យអប់រំនៅកម្ពុជា គឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាព នៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញ ប្រកបដោយមោទនភាពផងដែរ ក្នុងនោះនាពេលថ្មីៗនេះ កូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិ ក្នុងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិដ៏ធំដែលធ្វើឡើង នៅចក្រប្រភពអង់គ្លេស មានកូនសិស្សមកពីជាង ១០ប្រទេសចូលរួម, កូនសិស្សកម្ពុជា ១១នាក់ អាចប្រកួតប្រជែងដណ្តើមបានពាន ១៤គ្រឿង មេដាយ ២១គ្រឿង។
លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែង ជាមួយនឹងការទទួលបានពាន៤ និងមេដាយមាស២ យុវតី ស្ព្រីង ខៀងសុផានី បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ចំពោះការដណ្តើមបានជ័យជម្នះដ៏ធំធេង សម្រាប់គ្រួសាររបស់ពួកគាត់ និងសម្រាប់សង្គមកម្ពុជាផងដែរ។ យុវតីរូបនេះ អះអាងថា មុនឈានទៅប្រកួត និងដណ្តើមបានជោគជ័យយ៉ាងដូចនេះ នាងបានខិតខំមើលមេរៀនជារៀងរាល់ថ្ងៃ ហើយអ្វីដែលមិនភ្លេចនោះ ការមើលវីដេអូដែលនិយាយជាភាសាអង់គ្លេស ដើម្បីពង្រឹងសមត្ថភាពស្តាប់ និងការចង់ចាំឱ្យបានច្រើន។
យុវតីរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ការប្រកួតប្រជែងនៅក្រៅប្រទេសនេះ ទោះបីជាសិស្សបរទេសបានប្រើប្រាស់ភាសារអង់គ្លេសជាគោលក៏ដោយ តែសម្រាប់ការប្រកួតប្រជែងជាការប្រើប្រាស់សមត្ថភាព ហើយអ្នកណាមានសមត្ថភាព អាចប្រឹងប្រែងបញ្ចេញសមត្ថភាពបានល្អ អ្នកនោះនិងទទួលបានជោគជ័យ។
ជាមួយគ្នានោះ យុវតី ឌី សៀវលៀង និងយុវជន ចេន លី ដែលត្រឡប់មកពីការប្រឡងប្រកួតប្រជែងកម្រិតភាសាអង់គ្លេសលំដាប់អន្តរជាតិ នៅចក្រភពអង់គ្លេស ពួកគេបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ចំពោះការដណ្តើមបានជ័យជម្នះដ៏ធំធេង សម្រាប់គ្រួសាររបស់ពួកគាត់ និងសម្រាប់សង្គមកម្ពុជាផងដែរ។ តាមរយៈនេះបានបង្ហាញឱ្យឃើញថា កម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើនលើវិស័យអប់រំ និងកំពុងបង្ហាញឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ក្រោមការដឹកនាំដ៏ត្រឹមរបស់រាជរដ្ឋាភិបាល ដែលបានផ្តោតសំខាន់លើការអប់រំជាធំ ទើបពួកគាត់មានថ្ងៃនេះ។
លោក ហាក់ សូហ្វី ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Bright Education Consultant and Travel ដែលជាក្រុមហ៊ុនដឹកនាំសិស្សទៅប្រកួតប្រជែងនៅចក្រភពអង់គ្លេសបានឱ្យដឹងដែរថា ជុំវិញការបញ្ជូនសិស្សានុសិស្សកម្ពុជា ទៅប្រឡងប្រជែងលំដាប់អន្តរជាតិនេះ, Bright Education បានបញ្ជូនសិស្សានុសិស្សទាំងសាលារដ្ឋ និងឯកជនជាច្រើនលើករួចមកហើយ ជាក់ស្តែងជុំវិញការទៅចូលរួមប្រឡងប្រជែង នៅចក្រភពអង់គ្លេសនាលើកនេះ កូនសិស្សដែលបានចូលប្រឡងប្រជែងសម្រាប់ជុំក្នុងស្រុក បានចែកចេញជាពីរដំណាក់កាល ក្នុងនោះលើកទី១ សម្រាប់ការប្រឡងតាមអនឡាញ មានសិស្សចូលរួមប្រមាណជាង ៦០០រូប មកពីសាលារដ្ឋ និងឯកជន ចំណែកសិស្សជាប់ទៅប្រកួតប្រជែង ក្នុងនោះយើងបានឱ្យសិស្សជ្រើសរើសទៅចូលរួមប្រឡងនៅអាសហមេរិក និងចក្រប្រភពអង់គ្លេសនេះ។
លោកបន្តឲ្យដឹងថា ជាក់ស្តែងសិស្សដែលទៅប្រឡងប្រជែង នៅចក្រប្រភពអង់គ្លេសនាពេលនេះ មានចំនួន ១១រូប នៅក្នុងចំណោមសិស្សអន្តរជាតិសរុបជាង ៣០០ រូប មកពីបណ្តាប្រទេសជាង១០ ក្នុងនោះសម្រាប់ការប្រឡងប្រជែងលើកនេះ សិស្សខ្មែរពិតជាធ្វើបាន ដោយដណ្តើមបានជ័យជម្នះដ៏ធំធេង ក្នុងនោះរួមមាន៖ ពានចំនួន ១៤ គ្រឿង, មេដាយមាស ៩, មេដាយប្រាក់ ១១ និងមេដាយសំរិទ្ធចំនួន ៣គ្រឿង។
លោកបានសង្កត់ធ្ងន់ថា តាមរយៈនៃការបញ្ជូនសិស្សខ្មែរទៅប្រឡងប្រជែង នៅក្រៅស្រុកនេះ ឃើញថាពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរកត់សម្គាល់ នេះជាមោទកភាពរបស់កម្ពុជា ពោលគឺប្រទេសតូច តែបេះដូងធំ និងចំណេះដឹងកាន់តែធំទូលាយ បើធៀបនិងបណ្តាប្រទេសនានាលើពិភពលោក៕