Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ទទួលអង្ករ១០តោន ពីសប្បុរសជន ដើម្បីប្រើប្រាស់ និងទុកចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងខេត្ត 

13-08-2024 16:11

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នៅបរិវេណសាលាខេត្ត បានទទួលអំណោយសប្បុរសធម៌ ជាអង្កររំដួល ចំនួន១០តោន ពីសប្បុរសជន ដើម្បីទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅក្នុងខេត្ត។

ក្នុងនាមរដ្ឋបាលខេត្ត លោក ខូយ រីដា បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកស្រី ឡុង សុភាព ដែលជាម្ចាស់អំណោយ។

លោកបានចាត់ទុកថា អំណោយទាំងអស់នេះ ពិតជាមានសារៈសំខាន់ ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចាត់ចែងតាមតម្រូវការចាំបាច់ផ្សេងៗ ពិសេសជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅក្នុងខេត្តពោធិ៍សាត់។

លោកសន្យាថា នឹងនាំយកអំណោយទាំងអស់នោះ ទៅប្រើប្រាស់ និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមអ្វីដែលអាចធ្វើទៅបាន៕