(ភ្នំពេញ)៖ ត្រឹមរយៈពេល ៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៤ យុវជនជិត២ម៉ឺននាក់(១៩៧៣០នាក់) ស្ថិតនៅក្នុងរាជធានីខេត្តចំនួនប្រាំមួយ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ កំពត និងកែប បានចូលរួមក្នុងកម្មវិធីស្វែងយល់អំពីសមិទ្ធផលរបស់មជ្ឈមណ្ឌលធនធានចល័ត (រថយន្ដក្រុងចល័ត) របស់សាលាក្ដីខ្មែរក្រហម។
មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត ជាកម្មវិធីផ្សព្វផ្សាយរបស់សាលាក្ដីខ្មែរក្រហម ត្រូវបានដាក់ឱ្យដំណើរការផ្សព្វផ្សាយសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម ចាប់ពីខែឧសភា ឆ្នាំ២០២៤ ជូនដល់សិស្សានុសិស្ស និងសាធារណជនទូទៅនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។
តាមរយៈកម្មវិធីមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត ឬរថយន្ដក្រុង អ.វ.ត.ក. ចល័តនេះ មានកម្មវិធីជាច្រើនត្រូវបានរៀបចំដែលរួមមាន ការធ្វើបទបង្ហាញពីមន្ដ្រីផ្សព្វផ្សាយរបស់ អ.វ.ត.ក. ការដាក់តាំងផ្ទាំងរូបថតអំពីដំណើរការជំនុំជម្រះក្ដី ការប្រើប្រាស់ធនធាននៅក្នុងរថយន្ដក្រុងដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើប រួមមានកុំព្យូទ័រយួរដៃសម្រាប់ស្រាវជ្រាវ និងពិនិត្យមើលឯកសាររបស់ អ.វ.ត.ក. ឧបករណ៍បញ្ចាំងរូបភាព ផ្ទាំងអន្តរកម្មសម្រាប់បង្ហាញឯកសារ មាតិកា ការចាក់បញ្ចាំងវីដេអូអប់រំ និងកិច្ចសន្ទនាអន្ដរជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជន។
លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃសាលាក្ដីខ្មែរក្រហម បានសាទរចំពោះលទ្ធផលនេះ ដោយបានគូសបញ្ជាក់ថា «យើងខ្ញុំពិតជារីករាយណាស់ដោយបានឃើញយុវជនជំនាន់ក្រោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទងនឹងការសិក្សាស្វែងយល់អំពីប្រវត្តិសាស្ដ្រកម្ពុជា តាមរយៈការចូលរួមយ៉ាងផុសផលនៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័តនេះ»។
លោកបានបន្ថែមថា ការចូលរួមរបស់កូនក្មួយយ៉ាងសស្រាក់សស្រាំនេះ នឹងធ្វើឱ្យយើងខ្ញុំកាន់តែមានទឹកចិត្តខិតខំស្វែងរកវិធីសាស្ដ្រថ្មីៗបន្ថែម ដើម្បីពង្រីកការផ្សព្វផ្សាយទៅដល់យុវជនជំនាន់ក្រោយ ឱ្យកាន់តែយល់ដឹងច្បាស់អំពីប្រវត្តិសាស្ដ្រនៃរបបខ្មែរក្រហម ក៏ដូចជាបានយល់ដឹងអំពីដំណើរការកាត់សេចក្ដីនៅក្នុង អ.វ.ត.ក.។
លោកប្រធានរដ្ឋបាលស្ដីទី បញ្ជាក់បន្ថែមថា សាលាក្ដីខ្មែរក្រហម តាមរយៈមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត នេះ បាននឹងកំពុងបន្ដរៀបចំសកម្មភាពផ្សព្វផ្សាយរបស់ខ្លួនដល់យុវជនជាច្រើនទៀតនៅតាមបណ្ដាខេត្ដនានានៅទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យយុវជនទាំងនោះបានយល់ដឹងច្បាស់ពីប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជា ដែលការណ៍នេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទប់ស្កាត់ការវិលត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ចងចាំអំពីទុក្ខលំបាកវេទនាដែលប្រជាពលរដ្ឋកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ យល់ដឹងពីតម្លៃនៃសុខសន្ដិភាពដែលកម្ពុជាកំពុងទទួលបាន និងចូលរួមការពារសន្ដិភាពទាំងអស់គ្នា៕