(កំពង់ឆ្នាំង)៖ សិស្សប្រុសថ្នាក់ទី៦ម្នាក់ នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានហក់ធាក់តុគ្រូបង្រៀននៅក្នុងថ្នាក់របស់ខ្លួន និងបង្ហាញកាយវិការមិនគួរគម្បី ត្រូវបានគេចែកចាយវីដេអូពេញបណ្ដាញសង្គម។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍របស់នាយកសាលា បានឲ្យដឹងថា សិស្សប្រុសម្នាក់នេះឈ្មោះ រី សុវណ្ណ អាយុ១៣ឆ្នាំ មានឪពុកឈ្មោះ វុត វី ជាកសិករ ម្តាយឈ្មោះ ប៉ក់ ទុំ ជាអ្នកលក់ដូរនៅក្នុងភូមិថ្មី ឃុំកំពង់អុស ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង បានប្រើឥរិយាបថមិនសមរម្យចំពោះគ្រូដោយសិស្សរត់មក ធាក់តុគ្រូហើយចង់វាយគ្រូ។
ករណីបែបនេះមានពីរលើកមកហើយដោយលើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ផ្តើមចេញពីការធ្វើកិច្ចការផ្ទះ ដោយគ្រូបានដាក់កិច្ចការផ្ទះឲ្យសិស្សយកទៅធ្វើនៅផ្ទះ ហើយសិស្សឈ្មោះ វី សុវណ្ណ មិនបានធ្វើនោះទេ លុះដល់ពេលគ្រូឲ្យសិស្សយកកិច្ចការមកដាក់គាត់បែបជាថាគូគាប់សង្កត់ គាត់ហើយវាយតុចំពោះមុខគ្រូ ហើយក្រោយមកក៏មានការសម្របសម្រួល រវាងមាតាបិតាសិស្សជាមួយនាយក និងគ្រូទើបស្ងប់ស្ងាត់។
រហូតដល់ថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤ គ្រូបានសរសេរតាមអានដាក់ពិន្ទុ ចំនួន១០ពាក្យ ដោយកំណត់១ពាក្យ១ពិន្ទុ ហើយគាត់សរសេរបាន៧ពិន្ទុស្រាប់ពេលគូចែកសន្លឹកកិច្ចការជូន សិស្សវិញសិស្សបែរជាមិនពេញចិត្តនឹងពិន្ទុរបស់ខ្លួន ហើយបោកសៀវភៅលើតុ និងដើរចេញទៅផ្ទះដោយមិនគោរពគ្រូ។ ហើយដល់ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៤វេលាម៉ោង១៖១០នាទីរសៀល ពេលគ្រូអញ្ជើញម្តាយ របស់គាត់មកអប់រំណែនាំស្រាប់តែសិស្សឈ្មោះ រី សុវណ្ណ បានបោកសៀវភៅនិងកាតាបចោលលើក្តារខៀន លុះពេលគ្រូហៅគាត់មកខាងមុខ គាត់បែរជារត់មកធាក់តុគ្រូ រួចសម្ដែងឥរិយាបថបែបហិង្សាមកលើគ្រូ ដូចមានក្នុង វីដេអូស្រាប់។
យ៉ាងណាមិញ តាមរយៈវីដេអូដែលត្រូវបានចែកចាយ មហាជនបានសម្ដែងនូវការហួសចិត្តជាខ្លាំងចំពោះកាយវិការមិនសមរម្យរបស់កុមារាខាងលើ និងសង្ឃឹមថា អាណាព្យាបាលយកចិត្តទុកដាក់ក្នុងការអប់រំណែនាំឲ្យបានខ្ពស់បន្ថែមទៀត ដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើង ពិសេសប៉ះពាល់ដល់មិត្តរួមថ្នាក់របស់គេ៕