(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ចំនួន២នាក់ ត្រង់ចំណុចមុខកាស៊ីណូហ្គោលដិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងពេលចុះល្បាតតាមក្រុង ដោយបានដកហូតថ្នាំយ៉ាម៉ា ចំនួន៥គ្រប់ និងវត្ថុតាងមួយចំនួន។

លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងនៅថ្ងៃទី២៤ កញ្ញានេះ ថា ក្នុងពេលកម្លាំងចុះទៅដើរល្បាត ស្រាប់តែជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពចែកចាយ ទើបកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនជនសង្ស័យនោះតែម្ដង និងដកហូតថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៥គ្រាប់ នៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

លោកបន្តថា ជនសង្ស័យមានឈ្មោះ ទី១.ម៉ុង សុភ័ក្រ ហៅតឿ អាយុ២២ឆ្នាំ រស់នៅមិនពិតប្រាកដ និងទី២.ចាន់ វីរៈ ហៅសារ៉ាក់ អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត។ ក្រោយពីសមត្ថកិច្ចជំនាញបានសាកសួរ ជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេពិតជាបានទិញថ្នាំញៀនមករក្សាទុក ដើម្បីយកទៅលក់បន្ត។

ក្រោយពីទទួលបានចម្លើយសារភាព របស់ជនសង្ស័យទាំង២នាក់ និងមានវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕