Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពទាំងឡាយដែលបំផ្លាញសុខសន្តិភាព ស្ថេរភាព និងរារាំងការអភិវឌ្ឍជាតិ

13-08-2024 15:16

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពទាំងឡាយណា ដែល មានចរិតញុះញង់ បំែបកបំបាក់ បំភ្លៃការពិត មានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាព ស្ថិរភាព និង រារាំងការអនុវត្តគោលនយោបាយអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអាចឈានទៅដល់ការធ្វើ សកម្មភាពទុច្ចរិត ប្រាសចាកពីស្មារតីរដ្ឋធម្មនុញ្ញ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្រុមប្រឹក្សាធម្មនុញ ជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ប្រកាសបញ្ជាក់ សាជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរចំនួនជាង ៨៤ភាគរយ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោតសកល ដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលកន្លងទៅ។ ការបោះឆ្នោតនេះ គឺអនុវត្តត្រឹមត្រូវ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាគោលការណ៍ គ្រឹះកំណត់ដោយរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាធម្មនុញ្ញ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ គោរពអនុវត្តឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួននូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន តាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដើម្បីបន្តរក្សាការពារឲ្យបានជាដាច់ខាតនូវសមិទ្ធផលធម្មនុញ្ញ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅព្រះរាជាណាចក្រកម្ពុជា៕