Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: ស្រ្តីចំនួន០៤នាក់ស្លាប់​និង​បុរសម្នាក់រងរបួស ក្នុងហេតុការណ៍ការ​បាញ់រះ នៅផ្សារទំនើបអាមេរិក ខណៈប៉ូលិស​កំពុងបន្តតាមរក​ចាប់ជនសង្ស័យម្នាក់

24-09-2016 14:10

(វ៉ាស៊ីនតោន)៖ មកដល់ពេលនេះ អាជ្ញាធររដ្ឋវ៉ាស៊ីនតោនបានអះអាងថា ស្រ្តីចំនួនបួននាក់បានបាត់បង់ជីវិត រួមជាមួយនិងបុរសម្នាក់ទៀតបានទទួលរងរបួស ក្នុងហេតុការណ៍បាញ់រះ នៅផ្សារទំនើបមួយកន្លែង ភាគខាងជើងទីក្រុង Seatle នៃសហរដ្ឋអាមេរិក ខណៈសមត្ថកិច្ចបានចេញផ្សាយរូបភាពជនសង្ស័យ និងកំពុងធ្វើការស្វែងរកតាមចាប់ខ្លួន។ នេះបើតាម ការផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

ទីភ្នាក់ងារប៉ូលីសប្រចាំរដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា អ្នកដែលត្រូវបានបាញ់សម្លាប់គឺជាស្រ្តីទាំងបួននាក់ រីឯបុរសម្នាក់ទៀត ដែលអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីជនម្នាក់ប្រដាប់ដោយកាំភ្លើងរះ បានបើកការបាញ់ប្រហារ នៅឯផ្សារទំនើប Cascade Mall ក្នុងក្រុង Burlington ដែលស្ថិតនៅចម្ងាយប្រមាណ១០៥គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Seatte ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោកពលបាលត្រី Mark Francis បានអះអាងថា ខ្មាំងកាំភ្លើងមានតែម្នាក់ឯងគត់ ហើយមូលហេតុពីក្រោយការបាញ់ប្រហារនេះ នៅពុំទាន់បានដឹងច្បាស់នៅឡើយ ខណៈមន្រ្តីប៉ូលិសកំពុងបំពេញតូនាទី យ៉ាងសកម្មក្នុងការស្វែងរកបុរសដែលទំនង ជាជនជាតិអេស៉្បាញម្នាក់ ពាក់អាវយឺតពណ៌ខ្មៅ កាន់កាំភ្លើងរះមួយដើម ដែលត្រូវបានគេប្រទះឃើញជាចុងក្រោយក្នុងកាមេរ៉ាសុវត្ថិភាព ថាបានដើរចេញពីផ្សារទំនើបខាងលើ សំដៅទៅមហាវិថី Interstate 5 មុនពេលដែលសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ៕