(ភ្នំពេញ)៖ «គណបក្សសន្តិភាពជាតិ» ដែលសរសេរជាអក្សរកាត់ថា «គ.ស.ជ» របស់លោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្ស ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើតហើយ ដែលលិខិតក្រសួងមហាផ្ទៃនេះ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
យោងតាមលិខិតមួយរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សសន្តិភាពជាតិ» សរសេរអក្សរកាត់ថា «គ.ស.ជ» ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ៦៩៦ ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រសួងបានបញ្ជាក់ទៀតថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប)ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សសន្តិភាពជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕