(ពោធិ៍សាត់)៖ បុរសម្នាក់ជាមន្ត្រីបម្រើការងារក្នុងរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្លាក់ពីលើដំបូលផ្ទះបាក់កស្លាប់ភ្លាមៗ ខណៈកំពុងឡើងទៅមើលជាងតសំយ៉ាបផ្ទះ ស្របពេលមេឃកំពុងភ្លៀង។ ហេតុការណ៍នេះ កើតឡើងនៅក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនៅថ្ងៃទី២៤ កញ្ញានេះ ថា ជនរងគ្រោះដែលធ្លាក់ពីលើដំបូលផ្ទះបាក់កស្លាប់នោះ មានឈ្មោះ ម៉ៃ នីម អាយុ៤១ឆ្នាំ ជាមន្ត្រីបម្រើការងារក្នុងសាលាខេត្តពោធិ៍សាត់ នៅទីចាត់ការអន្តរវិស័យ មានប្រពន្ធឈ្មោះ ឆន ចិន អាយុ៣៣ឆ្នាំ និងកូនឈ្មោះ នឹម បញ្ញា អាយុ៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ឃុំកើតហេតុខាងលើ។
លោកអធិការបន្ដថា នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានឡើងទៅលើដំបូល ដើម្បីមើលជាងតសំយ៉ាបផ្ទះ តែដោយមេឃកំពុងតែភ្លៀងផងនោះ ក៏រអិលធ្លាក់ពីលើផ្ទះរបួសធ្ងន់ (បាក់ក) តែម្តង។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ កាលពីវេលាម៉ោង ២៖៥៣នាទី ទៀបភ្លឺ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមានការចូលរួមពីមន្ត្រីសាលាខេត្តពោធិ៍សាត់ ជាច្រើននាក់ផងដែរ៕