(អ៊ូឡាន-អ៊ូដេ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានសិក្សាអាស៊ីនិងអាហ្វ្រ៊ិកនៃសាកលវិទ្យាល័យរដ្ឋមូស្គូ ជាមួយលោកសាស្ត្រាចារ្យបណ្ឌិត អាឡិចសី ម៉ាស្លូវ (Alexey Maslov) ដែលជានាយកវិទ្យាស្ថាន និងជាប្រធានមូលនិធិសម្រាប់គាំទ្រការអប់រំនិងការស្រាវជ្រាវព្រះពុទ្ធសាសនានៃសហព័ន្ធរុស្ស៊ី។
ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ នេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្នុងអំឡុងពេលចូលរួមក្នុងវេទិកាពុទ្ធសាសនាអន្តរជាតិ ស្តីពី «ព្រះពុទ្ធសាសនាបែបប្រពៃណីនិងបញ្ហាប្រឈមសម័យទំនើប» (International Buddhist Forum on “Traditional Buddhism and Modern Challenges”) នាទីក្រុងអ៊ូឡាន-អ៊ូដេ (Ulan-Ude) សាធារណរដ្ឋប៊ួរៀតត្យា (Buryatia) នៃសហព័ន្ធរុស្ស៊ី ។
លោកបណ្ឌិត គិន ភា បានឱ្យដឹងថា៖ «កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតការយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអាស៊ីនិងអាហ្វ្រិកនៃសាកលវិទ្យាល័យរដ្ឋមូស្គូ និងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ការសិក្សាស្រាវជ្រាវវប្បធម៌ និងទម្រង់ផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសិក្សាអាស៊ីនិងអាហ្រ្វ៊ិក»។
លោកបណ្ឌិតបានបន្តទៀតថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះគឺជាវេទិកាដ៏សំខាន់មួយមិនត្រឹមតែសម្រាប់ការបង្កើតនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកដល់ការអភិវឌ្ឍ ការពង្រឹង និងការពង្រីកមិត្តភាពជាប្រពៃណីឱ្យកាន់តែប្រសើរឡើងថែមទៀតរវាងកម្ពុជានិងរុស្ស៊ីផងដែរ។
តាមរយៈកិច្ចព្រមព្រៀងនេះ ការផ្លាស់ប្តូរបញ្ញវន្តវិទ្យាសាស្ត្រ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររវាងស្ថាប័ននិងប្រទេសទាំងពីរ នឹងត្រូវបានធ្វើឡើងក្នុងទម្រង់និងយន្តការផ្សេងៗ ដូចជាការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងវប្បធម៌, ការរៀបចំនិងអនុវត្តគម្រោងស្រាវជ្រាវនិងវិភាគរួមគ្នា, ការរៀបចំកម្មវិធីបោះជំរំរដូវរងាឬរដូវក្តៅរួមគ្នានៅក្នុងទីតាំងដែលមានចំណាប់អារម្មណ៍រួមគ្នា និងការរៀបចំព្រឹត្តិការណ៍វិទ្យាសាស្ត្រនានា។ នេះគឺជាការបង្ហាញក្ដីសង្ឃឹមលើកិច្ចព្រមព្រៀងនេះ ពីលោកបណ្ឌិត គិន ភា។
សូមបញ្ជាក់ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និង លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងអ៊ូដេ (Ulan-Ude) សាធារណរដ្ឋប៊ួរៀតត្យា (Buryatia) សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ វិទ្យាស្ថានសិក្សាអាស៊ីនិងអាហ្វ្រិកនៃសាកលវិទ្យាល័យរដ្ឋមូស្គូ និងមូលនិធិសម្រាប់គាំទ្រការអប់រំនិងការស្រាវជ្រាវព្រះពុទ្ធសាសនានៃសហព័ន្ធរុស្ស៊ី៕