(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មន្ទីរពេទ្យគន្ធបុប្ផា បានផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល ជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ជាង៥៨ម៉ឺននាក់ ដោយបានចំណាយថវិកាសរុបចំនួន ២១លានដុល្លារអាមេរិក ក្នុងនោះមិនរាប់បញ្ចូលថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល ចំនួន ១.៤ លានដុល្លារអាមេរិកនោះទេ។
នេះបើតាមលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ។
ការផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល ជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ លើករណីដូចខាងក្រោម៖
* ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (Outpatient) ចំនួន ៤២៤ ៥៧៤ ករណី
* កុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន ៨១ ៨៥៥ នាក់
* កុមារជំងឺគ្រុនឈាមបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ២ ៦៤៣ នាក់
* កុមារដែលត្រូវព្យាបាល និងវះកាត់ធំចំនួន ១៤ ៧២៤ នាក់
* កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ និងឆ្លុះភ្ជិតសរសៃបេះដូងចំនួន ៤៩៦ នាក់
* ស្រ្តីមានផ្ទៃពោះបានមកទទួលសេវាពិនិត្យ និងតាមដានផ្ទៃពោះនៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ចំនួន ៥០ ២៥៩ ករណី និងសម្រាលកូនចំនួន ៩ ៩៩០ នាក់។
ទន្ទឹមគ្នានេះ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា (ម.គ.ក.) ទទួលបានចំណូលប្រមាណ ២១.២៦ លានដុល្លារ កើនឡើងប្រមាណ៤១% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៣។
កំណើននេះរួមចំណែកដោយ៖ ចំណូលទទួលបានពីការលក់សំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរចំនួន ១.២ លានដុល្លារ កើនឡើងប្រមាណ ៥៦% ដែលនេះបង្ហាញពីការកើនទ្បើង ជាបន្តបន្ទាប់នៃទេសចរបរទេស, និង ការបរិច្ចាគរបស់សប្បុរសជនមានចំនួន ៧.២៨ លានដុល្លារ កើនឡើងប្រមាណ ១៦៥% ដែលមួយផ្នែកធំនៃកំណើននេះ គឺដោយសារការបរិច្ចាគរបស់សប្បុរសជន ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ ម៉ឺននាក់»ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងសប្បុរសជនដែលបានចូលរួមបរិច្ចាគក្នុងកម្មវិធីបាល់ទាត់សប្បុរសធម៌កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានបង្វែរថវិកាជូនមន្ទីពេទ្យសរុបចំនួនប្រមាណ ៥.៩៨ លានដុល្លារ ឬកើនឡើង ២៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
លទ្ធផលហិរញ្ញវត្ថុដែលគួរឱ្យកត់សម្គាល់ទាំងនេះ គឺកើតចេញពីការរៀបចំ និងអនុវត្តយុទ្ធនាការ និងសកម្មភាពគាំទ្រនានា ស្របតាមផែនការសកម្មភាពឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅបំផុស និងអំពាវនាវឱ្យមានការចូលរួមបរិច្ចាគពីសាធារណជន និងសប្បុរសជននានា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា៕