(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី លោក សួស អង្គារ៍ បានបន្តជំរុញនិងរំលឹកអំពាវនាវបន្ថែមប្រាប់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ និងមានអាយុគ្រប់បោះឆ្នោតហើយ សូមអញ្ជើញទៅចុះឈ្មោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ក្នុងរដូវកាលបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជំបិណ្ឌ ដោយការចុះឈ្មោះនេះគឺមានរយៈពេល៩០ថ្ងៃ គឺចាប់ពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ ទើបមានសិទ្ធិទៅបោះឆ្នោតនាពេលខាងមុខ ។
ការអះអាងបែបនេះខណៈដែល លោកប្រជុំជាមួយសមាជិកបក្សមូលដ្ឋានឃុំទាំង២ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងវត្តត្រស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេណទី៨ និងប្រគេនទេយ្យវត្ថុ បច្ច័យចំនួន៥វត្ត ដោយមានការចូលរួមពីសមាជិក ក្នុងឃុំអូរតាគីនិងឃុំតាម៉ឺន ស្រុកថ្មគោលជាច្រើននាក់ផងដែរ។ លោក សួស អង្គារ៍ បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងឃុំទាំង២ថា ថ្ងៃនេះ ជាថ្ងៃទី២៤ នៃថ្ងៃចុះឈ្មោះបោះឆ្នោតហើយ ដែលម្នាក់ៗ មានអាយុគ្រប់បោះឆ្នោតនោះ គឺយើងទាំងអស់គ្នា ដែលមានអត្តសញ្ញាណប័ណ្ណហើយ យើងត្រូវទៅចុះឈ្មោះឲ្យមានក្នុងបញ្ជីបោះឆ្នោត និងត្រូវទៅបោះឆ្នោតឲ្យ បានគ្រប់ៗគ្នា នាពេលខាងមុខនេះ ដើម្បីបំពេញការតព្វកិច្ចខ្លួន ជាប្រជាពលរដ្ឋនិងដើម្បីជ្រើសរើសគណបក្សដែលយើងស្រឡាញ់ទុកចិត្ត។
តែបើយើងមិនបានទៅចុះឈ្មោះឆ្នោតទេ គឺប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជាយើង ត្រូវបាត់សិទ្ធទាំងស្រុងក្នុងការបោះឆ្នោត សូមមេត្តាសកម្មជនបក្សក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវនិងធ្វើការនេះឲ្យបានច្បាស់លាស់ផង។
ក្នុងឱកាសុណ្យកាន់បិណ្ឌវេណទី៨នេះ លោកប្រធានបានសម្តែងនូវភាពរីករាយដែលបានមកធ្វើបុណ្យជាមួយគ្នា ក្នុងនោះបានប្រគេនទេយ្យវត្ថជាច្រើនមុខនិងបច្ច័យចំនួន៥វត្តគឺ វត្តត្រស់ជាវត្តព្រះតេជគុណអនុគណស្រុកគង់នៅផង មានទេយ្យវត្ថុនិងបច្ច័យ១លានរៀល និងចំនួនវត្ត៤ទៀតមានទេយ្យវត្ថុនិងបច្ច័យ៥០ម៉ឺនរៀល ព្រះសង្ឃ៣៧អង្គមានស្លាដក់១ បច្ច័យ១អង្គ២ម៉ឺនរៀល។ ក្នុងនោះោកប្រធានបានឧត្ថមដល់សមាជិកបល្សមូលដ្ឋានទាំង៧២នាក់ សម្រាប់បុណ្យភ្ជុំបិណ្ឌ ដោយម្នាក់ៗទទួល៥ម៉ឺនរៀល ដោយបានចំណាយសរុបអស់ថវិកា៨.៧៧៧.០០០រៀល។
លោកបានបញ្ជាក់ថា ក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌនេះ គឺជាបុណ្យធំ១ក្នុងចំណោមប្រពៃណីជាតិខ្មែរយើងដែលជាអ្នកកាន់ព្រះពុទ្ធសាសនា គឺធ្វើឡើងដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនញាតិការទាំង៧សណ្តាន មានជីដូន ជីតា បងប្អូនញាតិមិត្តជិតឆ្ងាយដែលបានស្លាប់ទៅហើយនោះ ឲ្យមកទទួលបុណ្យកុសល់ដែលកូនចៅបានធ្វើជូន ដើម្បីឆាប់អស់កម្មពារ និងឆាប់មកចាប់ជាតិកំណើតជាថ្មី ហើយបែក្រោយឲ្យពរជ័យដល់កូនចៅដែលនៅរស់បច្ចុប្បន្នបានសុខសប្បាយ មានសុខភាពល្អ រកស៊ីទទួលទានមានបាន តកូនតចៅរហូតទៅ។
ក្នុងឱកាសនោះដែរ លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌល បាត់ដំបង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជំបិណ្ឌ ដែលថ្នាក់ដឹកនាំកំពូលតែងតែចង់ដឹងសុខទុក្ខ បងប្អូនជានិច្ចមិនដែលភ្លេចឡើយ៕