(ក្រចេះ)៖ មន្ដ្រីអាវុធហត្ថពាក់ស័ក្ដ៤ ដែលយាមការពារឲ្យក្រុមហ៊ុន «សឹងយ័ន» រួមនឹងកូនចៅម្នាក់ទៀត បានទាញកាំភ្លើង AK បាញ់រះប្រមាណ៣០គ្រាប់ ព្រមទាំងភ្ជង់គំរាមបាញ់ប្រជាពលរដ្ឋ៣នាក់ផ្សេងទៀត បណ្ដាលឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ដែលកើតចេញពីទង្វើរបស់មន្ដ្រីអាវុធហត្ថខាងលើនេះ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ប៉ុន្ដែទើបនឹងបែកធ្លាយ នៅថ្ងៃទី២៤ ខែកញ្ញានេះ។
យោងតាមរបាយការណ៍ របស់មេភូមិអូរត្រូន លោក សុខ យឿន បានឲ្យដឹងថា ជនបង្កការបាញ់បោះខាងលើនេះ ឈ្មោះ ទេព សុភា ជាមន្ដ្រីអាវុធហត្ថខេត្តក្រចេះ ពាក់ស័ក្ដ៤និងកូនចៅឈ្មោះនួន។ លោកមេភូមិ បានបញ្ជាក់ថា «នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា លោក ទេព សុភា និងកូនចៅ ឈ្មោះ នួន បានមកផឹកស៊ី នៅផ្ទះឈ្មោះ ថន រួមមានប្រជាពលរដ្ឋ មន្ដ្រីយោធាម្នាក់ទៀត រួមទាំងខ្ញុំដែរ ប៉ុន្ដែពេលនោះ លោក ទេព សុភា បានប្រាប់មកខ្ញុំ ឲ្យដើររីយលុយពីអ្នកស្រុក ដែលធ្វើរណ្ដៅមាស តូចតាច មួយរណ្ដៅ១០០ដុល្លារ។ ប៉ុន្ដែខ្ញុំបានប្រកែក ដោយប្រាប់ទៅវិញថា បើចង់បាន១០០ដុល្លារ ដើរទារខ្លួនឯងទៅ ពីព្រោះខ្ញុំរកស៊ីខ្លួនឯងស្ទើរតែមិនចង់គ្រប់»។
លោកមេភូមិ បានបន្ដថា លុះដល់វេលាម៉ោង ៤៖៣០នាទីថ្ងៃដដែល ជននេះ និងកូនចៅ បាននាំទន្លេថង ចំនួន៣គ្រឿង ដឹកកំណាត់ឈើយកទៅកន្លែងគាត់រួច ត្រឡប់ទៅវិញ ហើយប្រហែលម៉ោង៤៖៤៥នាទី ក៏ឭសំលេងផ្ទុះគ្រាប់កាំភ្លើង AK ប្រមាណ៣០គ្រាប់ ហើយជននេះ ថែមទាំងយកកាំភ្លើងទៅភ្ជង់ប្រជាពលរដ្ឋ៣នាក់ទៀត រូមមានឈ្មោះ ព្រំ ជីន ឈ្មោះ ទេរ ភិរម្យ និងឈ្មោះ យ៉េន នី ដែលធ្វើឲ្យពលរដ្ឋទាំងនោះ ភ័យ ស្លន់ស្លោ អ្នកខ្លះរត់រមូតខោ ខ្លះរត់រមួតសារុង ទៅផ្ទះរៀងៗខ្លួន។ យ៉ាងណាក៏ដោយ គេមិនដឹងថា ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការយ៉ាងដូចម្ដេចនោះទេ ចំពោះជនបង្កការបាញ់បោះរូបនេះ៕