(ភ្នំពេញ)៖ និស្សិតវ័យក្មេងកម្ពុជា ដែលកំពុងសិក្សាជំនាញស្ថាបត្យកម្ម នៅតាមសាកលវិទ្យាល័យនានានៅកម្ពុជា នឹងបង្ហាញស្នាដៃ និងទេពកោសល្យស្ថាបត្យកម្ម ក្នុងការប្រកួតជើងឯកស្ថាបត្យកម្មច្នៃប្រឌិតកម្ពុជាក្រោមប្រធានបទ «តារាសាគរផ្លាហ្សា»។
ការប្រកួតជើងឯកស្ថាបត្យកម្មច្នៃប្រឌិតកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្ស និងនិស្សិតវ័យក្មេងនៅកម្ពុជា បានបង្ហាញពីទេពកោសល្យរបស់ពួកគេ និងការលើកកម្ពស់ការអប់រំ ថ្នាក់ឧត្តមសិក្សាផ្នែកស្ថាបត្យកម្ម។ ក្នុងការប្រកួតនេះមាននិស្សិតមកពីមហាវិទ្យាល័យ និងវិទ្យាស្ថាន ចំនួន១០ល្បីៗ នៅ ក្នុងប្រទេសកម្ពុជា ដោយមាននិស្សិតជាង ១០០នាក់ ចូលរួមប្រកួត។
លោក រស់ ស៊ីវណ្ណ ព្រឹទ្ឋបុរសរង មហាវិទ្យាល័យស្ថាបត្យកម្មនៃសាកលវិទ្យាល័យវេស្ទើនបានថ្លែងនៅក្នុងសន្និសិទ បើកការប្រកួត នាថ្ងៃទី១២ សីហា ថា កម្មវិធីប្រកួតប្រជែងនេះគឺជាឱកាសក្នុងការលើកកម្ពស់ជំនាញ ផ្នែកស្ថាបត្យ កម្ពីគ្រឹះ ស្ថានអប់រំ រុញច្រានអ្នករចនាវ័យក្មេង មិនថានិស្សិតបញ្ចប់ការសិក្សា ឬ និស្សិត នោះទេ ទៅក្នុងរង្វង់គោលដៅការអភិវឌ្ឍរបស់រដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគ។ សពីនេះទៅទៀត កម្មវិធីនេះក៏បំណងចង់បំផុសគំនិតឆ្លុះបញ្ចាំងអំពីស្មារតីយុវជនគាំទ្រដល់ការច្នៃប្រឌិត និង ទេពកោសល្យ របស់ស្ថាបត្យករវ័យក្មេងផងដែរ។
កញ្ញា Sun ying នាយកប្រតិបត្តិ ក្រុមហ៊ុន ខូសថលស៊ីធី ឌីវេឡុប ម៊ិនគ្រុប ឯ.ក បានលើកឡើងថា ការប្រកួតក្រោមប្រធានបទ «តារាសាគរផ្លាហ្សា» មិនត្រឹមតែផ្តល់វេទិកាមួយសម្រាប់និស្សិតបញ្ចេញស្នាដៃទេពកោសល្យប៉ុណ្ណោះទេ តែក៏វាជាការលើកកម្ពស់វិស័យអប់រំផ្នែកស្ថាប្យកម្មនៅកម្ពុជា ព្រមទាំងបណ្តុះទេពកោសល្យក្នុងវិស័យរចនានិងស្ថាបត្យកម្មផងដែរ។
លោក ជា តិចហុក នាយកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន ខូសថលស៊ីធី ឌីវេឡុប ម៊ិនគ្រុប ឯ.ក បានឱ្យដឹងផងដែរថា ចំពោះស្នាដៃរបស់និស្សិតដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ មិនមែនមានតែនៅលើក្រដាសនោះទេ ការរចនារបស់ពួកគេក៏អាចនឹងលេចចេញរូបរាងនៅក្នុងគម្រោងអភិវឌ្ឍន៍តារាសាគរនៅថ្ងៃអនាគតផងដែរ។
យុវសិស្ស ថន បញ្ញា និស្សិតឆ្នាំទី២ផ្នែកស្ថាបត្យកម្មដែលបានចូលរួមក្នុងការប្រកួតនេះ បានលើកឡើងថា បានលើកឡើងថា កម្មវិធីប្រកួតផ្នែកស្ថាបត្យកម្ម គឺជាឱកាសល្អសម្រាប់និស្សិតបានបញ្ចេញស្នាដៃស្ថាបត្យកម្មដល់ក្រុមហ៊ុនឯកជនជាពិសេសក្រុមហ៊ុនបរទេស។ លើសពីនេះទៅទៀត ក៏អាចពង្រីកចំណេះដឹងបន្ថែមរបស់និស្សិតដែលចូលរួមប្រកួតប្រជែងទៀតផង។
គួរបញ្ជាក់ថា ការប្រកួតជើងឯកស្ថាបត្យកម្មច្នៃប្រឌិត ក្នុងគម្រោងតារាសាគរ ឆ្នាំ២០២៤នេះ រៀបចំឡើងដោយក្រុមហ៊ុន ខូសថលស៊ីធី ឌីវេឡុប ម៊ិនគ្រុប ឯ.ក សហការជាមួយសាកលវិទ្យល័យ វេស្ទើន និង ក្លឹបស្ថាបត្យករ និងអ្នកសាងសង់។ ការប្រកួតជើងឯកស្ថាបត្យកម្មច្នៃប្រឌិត ក្នុងគម្រោងតារាសាគរ ឆ្នាំ២០២៤ បានចាប់ផ្ដើមចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ តទៅ ដែលគ្រោងនឹងបញ្ចប់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤៕