(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងភរិយា ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព មន្ត្រីរាជការ រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួមពិធីកាន់បិណ្ឌវេនទី៨ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តកេសរារាម និងវត្តព្រះព្រហ្មរត័្ន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
លោក ឃឹម ប៊ុនសុង និងលោកស្រី ព្រមទាំងបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេប្រគេននូវទ័យ្យទានវត្ថុ ដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់ នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តកេសរារាម និងវត្តព្រះព្រហ្មរត័្ន នេះដោយមួយវត្តៗ រួមមាន អង្ករ២៥០គីឡូក្រាម មី៥កេស ទឹកក្រូច១០កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ទឹកសុទ្ធ១០កេស ត្រីខ៥យួរ ស្ករស១០គក្រ ទឹកដោះគោ១កេស តែ៣កញ្ចប់ធំ បច្ច័យ២លានរៀល សីលវ័ន្ត សីលវន្តី ម្នាក់ៗ ក្រណាត់ស១ដុំ បច្ច័យ១ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះដែរ លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងថា ក្រោមគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញលេញ ហើយប្រជាពុទ្ធបរិស័ទ មានសិទ្ធធ្វើនូវបុណ្យទាន ទៅតាមគន្លងព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញ បានចាត់ទុកសាសនា ជាសាសនារបស់រដ្ឋ។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានការអភិវឌ្ឍលើគ្រប់វិសិយ រួមទាំងហេដ្ឋារចនា សម្ព័ន្ន ផ្លូវថ្លល់ សាលារៀននៅជិតផ្ទះ ទើបធ្វើឲ្យសិស្សានុសិស្សមានលទ្ធភាពសិក្សា ធ្វើឲ្យលទ្ធផលការប្រលងបាក់ឌុបជាប់។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនប្រជាពុទ្ធបរិស័ទ ដែលគ្រប់អាយុបោះឆ្នោត ព្រមទាំងជំរុញកូនចៅ ត្រូវទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មីឲ្យបានគ្រប់ៗគ្នា ដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើស តំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ហើយអ្នកអត់មានអត្តសញ្ញាប័ណ្ណ ទៅធ្វើហើយអ្នកអត់ទាន់ទៅយកបន្តទៅយក។
ជាមួយគ្នានោះដែរ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ បានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃដែល លោក លោកស្រី ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ៕