(ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ បានលើកឡើងថា ឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចនោះឡើយ ចំពោះការលើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ធ្វើឱ្យបាត់បង់ទឹកដី។
លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានសរសេរក្នុងបណ្តាញសង្គម Facebook របស់សមាគមអ្នកច្បាប់នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញក្នុងការសម្រេចលើព្រំដែនសមត្ថកិច្ចដែនដីនៃប្រទេសរបស់ខ្លួន។ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ គឺជាចំណែកមួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយបើឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចទេដែលថាគម្រោងនេះ ធ្វើឱ្យបាត់បង់ទឹកដី។
លោកបន្តថា ប្រទេសជិតខាងកម្ពុជា រួមជាមួយកម្ពុជាខ្លួនឯង បានឯកភាពគ្នាកំណត់ព្រំដែនខណ្ឌសីមា ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រួចរាល់ហើយ និងមានចារិកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ថែមទាំងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ស្របតាមច្បាប់ និងវិធានអន្តរជាតិថែមទៀតផង។ ផ្អែកតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ ការដោះស្រាយសម្របសម្រួលដោយសន្តិវិធីលើបញ្ហាកំណត់ និងបោះបង្គោលព្រំដែន គឺជាអ្វីដែលប្រទេសប្រជាធិបតេយ្យក្នុងលោកប្រកាន់យក ហើយបាន និងកំពុងធ្វើ។
«ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កងទ័ពកម្ពុជាបាន និងកំពុងឈរជើងការពារព្រំដែនទឹក-ដី របស់ខ្លួនយ៉ាងរឹងមាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ខេត្តទាំង ៤ ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រី និងខេត្តផ្សេងៗទៀត បាននិងកំពុងស្ថិតជាកម្មសិទ្ធរបស់ខ្មែរ ហើយនឹងបន្តជានិរន្តរ៍ដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា តាមឋានានុក្រមរចនាសម្ព័ន្ធរដ្ឋបាល ចាត់តាំង និងជ្រើសតាំង ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋានខាងក្រោម ស្របតាមច្បាប់ជាតិ មិនមែនគ្រប់គ្រងដោយបរទេសណាមួយឡើយ ហើយរឹតតែនឹងមិនអាចគ្រប់គ្រងដោយបរទេសណាមួយដែរនាពេលអនាគត ព្រោះផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតកាន់ចង្កូតដឹកនាំជាតិ គឺមានឆន្ទៈខ្ពស់ធានាការពាររក្សាព្រំដែនទឹក-ព្រំដែនដី ជូនជាតិ មាតុភូមិ និងប្រជាជន បើទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានសន្យាថានឹងរក្សាឱ្យបាន»។ នេះជាការគូសបញ្ជាក់របស់លោក ព្រហ្ម វិចិត្រអក្ខរា។
លោកបន្តថា ឈរលើឆន្ទៈខ្ពស់ និងមូលដ្ឋានការពារទឹកដីដ៏រឹងមាំនេះ ការបើកចំហរទ្វារប្រទេសស្រូបយកអ្នកវិនិយោគ អ្នកជំនួញ និងអ្នកទេសចរមកក្នុងប្រទេស ជាពិសេសការបង្ករលក្ខណៈងាយស្រួល ព្រមទាំងការលើកទឹកចិត្តផ្សេងៗដល់ពួកគេ។ ក្នុងក្របខ័ណ្ឌច្បាប់ ទោះក្នុងទម្រង់ជាតំបន់អភិវឌ្ឍន៍ក្តី ឬក្នុងរូបភាពជាការវិនិយោគផ្សេងៗទៀតក្តី គឺជាសេចក្តីប្រាថ្នារបស់ពលរដ្ឋគ្រប់រូប ព្រោះវាបានផ្តល់ផលជាវិជ្ជមាន តាមរយៈការបង្កើតមុខរបរ ការបង្កើតការងារ ការបង្កើតនិងការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជាតិទាំងមូល។
សម្រាប់លោក ព្រហ្ម វិចិត្រអក្ខរា ប្រជាពលរដ្ឋកម្ពុជាមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការធានាការពារ ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ និងបូរណភាពទឹកដី ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕