(កណ្តាល)៖ ប្រជាពលរដ្ឋជាង៣០០គ្រួសារ រស់នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានសាទរ និងថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន តាមរយៈអាជ្ញាធរខេត្តកណ្តាល ស្រុកមុខកំពូល និងអាជ្ញាធរមូលដ្ឋានមាន ភូមិ-ឃុំ ដែលបានខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាដីធ្លី រហូតពួកគាត់ នៅពេលនេះ ទទួលបានប្រាក់ គោលនយោបាយពីក្រុមហ៊ុនស៊ីធីម៉ាត ដើម្បីយកទៅរកស៊ី និងចិញ្ចឹមគ្រួសាររបស់ខ្លួន។
សូមបញ្ជាក់ថា តាំងពីថ្ងៃម្សិលមិញ និងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋជាង៣០០គ្រួសារ បានទទួលប្រាក់គោលនយោបាយចំនួន៧០០ដុល្លារ ក្នុងមួយគ្រួសារ ពីក្រុមហ៊ុនស៊ីធីម៉ាត ក្រោយពីភាគីក្រុមហ៊ុន និងក្រុមប្រជាពលរដ្ឋ បានកើតជម្លោះអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ។
លោក គឹម ហេង តំណាងក្រុមហ៊ុនស៊ីធីម៉ាត បានប្រាប់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃនេះ ក្នុងពេលចែកប្រាក់គោលនយោបាយជូនប្រជាពលរដ្ឋថា នៅអំឡុងឆ្នាំ២០០៥-២០០៦ ក្រុមហ៊ុនរបស់ខ្លួន បានទិញដីនៅតំបន់ខាងលើ ប្រមាណ៩០ហិកតា ប៉ុន្តែក្រោយពេលទិញរួច ស្រាប់តែមានមេខ្យល់ខ្លះ បានបំផុសប្រជាពលរដុ្ឋ ស្លូតត្រង់ទៅចាប់រានធ្វើជាកម្មសិទ្ធិ ជាបន្តបន្ទាប់រហូតកើតមានជម្លោះ។
លោក គឹម ហេង បានបន្តទៀតថា ក្រោយកើតមានជម្លោះជាមួយប្រជាពលរដ្ឋរួចមក ខាងភាគីក្រុមហ៊ុន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្រោមការសម្របសម្រួលពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានការណែនាំពីប្រមុខរាជរដ្ឋាសភិបាលសម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាត្រូវដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានជាក់ស្តែង។
ដោយមានការខិតខំ និងសម្របសម្រួលរបស់អាជ្ញាធរ ព្រមទាំងការដកថយម្នាក់ៗមួយជំហ៊ាន ពីសំណាក់ក្រុមហ៊ុន និងប្រជាពលរដ្ឋនោះ ទើបនៅពេលនេះដំណោះស្រាយបានចេញជារូបរាងតែម្តង។ តាំងពីថ្ងៃម្សិលមិញ និងនៅថ្ងៃនេះ ក្រុមហ៊ុន និងអាជ្ញាធរស្រុក បានធ្វើការចែកជូនប្រាក់គោលនយោបាយជូនប្រជាពលរដ្ឋ ដោយក្តីរីករាយបំផុត។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ប្រជាពលរដ្ឋពិតជាសប្បាយចិត្តខ្លាំងណាស់ ចំពោះការទទួលយកប្រាក់គោលនយោបាយខាងលើនេះ ហើយដីត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុនតែម្តង គ្មាននរណាជាម្ចាស់ កម្មសិទ្ធិទៀតឡើយ៕