(ភ្នំពេញ)៖ អស់រយៈពេលជាងពីរខែ កន្លងមកហើយ ដែលអនុក្រឹត្យលេខៈ ១៤៩ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការបោះពុម្ពសារព្រមាន សុខភាពជាភាសាខ្មែរនិង ជារូបភាព លើផលិតផលថ្នាំជក់ បានចូលជាធរមាន ដែលតម្រូវអោយគ្រប់កញ្ចប់ ផលិតផលថ្នាំជក់ ទាំងអស់ ត្រូវមានបោះពុម្ពសារសុខភាពថ្មី ទំហំ ៥៥% ជាភាសាខ្មែរ និងរូបភាព។
អ្នកលក់រាយ និងអ្នកលក់ដុំធំៗ បានឱ្យដឹងថា ក្រុមហ៊ុនធំៗមួយចំនួន បានបង្កើនស្តុកចាស់យ៉ាងច្រើន សន្ធឹកសន្ធាប់ ដើម្បីបន្តលក់ទៅឱ្យអ្នកលក់ដុំ និងអ្នកលក់រាយ ដោយបំពានទាំងស្រុង លើអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលចូលជាធរមានហើយនោះ ដូចដែលគាត់បានដឹងតាម ការផ្សព្វផ្សាយកន្លងមក។
គួរកត់សំគាល់ថា ច្បាប់ស្តីពីត្រួតពិនិត្យផលិតផលថ្នាំជក់ និងអនុក្រឹត្យលេខៈ១៤៩ អនក្រ.បក របស់រាជរដ្ឋាភិបាលបានចែងយ៉ាងច្បាស់ថា និតិបុគ្គលដែលរំលោភលើអនុក្រឹត្យនេះ នឹងត្រូវពិន័យជាប្រាក់ រហូតដល់ចំនួន បួនលានរៀល និងអ្នកលក់ដុំ រាយនឹងត្រូវពិន័យជាប្រាក់រហូតដល់ ពីរលានរៀល ប្រសិនអ្នកទាំងនោះ បើធ្វើការចែកចាយ លក់ ផលិតផលថ្នាំជក់ដែលពុំមាន បោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពនៅលើកញ្ចប់ផលិតផលថ្នាំជក់។
យើងមិនដឹងថាមូលហេតុអ្វី បានជាក្រុមហ៊ុនអន្តរជាតិធំៗទាំងនោះ នៅតែបន្តររំលោភអនុក្រឹត្យ របស់ រាជរដ្ឋាភិបាល រឺក៏ក្រុមហ៊ុនទាំងនោះយល់ថា វាមិនជាបញ្ហាអ្វីទេចំពោះ ការមិនអើពើនិងអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយ សម្តេច នាយករដ្ឋមន្រ្តី ដើម្បីជាផលប្រយោជន៍ក្រុមហ៊ុនរបស់គេនោះ។
ទន្ទឹមនឹងនេះ យើងក៏សង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួនបាន និងកំពុងផ្គត់ផ្គង់បារីដែលមានសារ ព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពដែលតំរូវដោយច្បាប់ ទៅទីផ្សាររួចរាល់ហើយ ខណៈពេលដែល ក្រុមហ៊ុនធំៗមួយចំនួន បន្តព្រងើយកន្តើយនិងអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលចូលជាធរមានរួចហើយនោះ។
លោក ចន្ថា អ្នកលក់បារីម្នាក់ នៅក្រុងភ្នំពេញ បានឱ្យដឹងថា គាត់មានការភ័យក្លាច ចំពោះការទិញទុកនូវបារីកញ្ចប់ចាស់ គាត់អាចនឹងត្រូវទទួលការពិន័យនៅថ្ងៃណា មួយដោយសារបារីដែល គាត់ទិញទុកលក់នោះ ជាបារីដែលបានហាមឃាត់ដោយច្បាប់ ហើយគាត់មិនយល់ថា ហេតុអ្វីបានជាក្រុមហ៊ុនធំៗ ទាំងនោះនៅតែអាចបន្តលក់បារីកញ្ចប់ចាស់ រហូតមកទល់ពេលនេះ ៕