(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន និងក្រុមគ្រួសារ រួមទាំងសមាជិកសមាជិការ នៅរដ្ឋសភាមួយចំនួន បានចូលរួមកាន់បិណ្ឌនៅ វត្តជម្ពូសុវណ្ណរាម ហៅវត្តត្រពាំងព្រីង នៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
វត្តជម្ពូសុវណ្ណរាម ហៅវត្តត្រពាំងព្រីង ជាទីអារាមដែលសម្តេច ហេង សំរិន ធ្លាប់ប្រតិបត្តិព្រះធម៌វិន័យ កាលពេលបួសរៀនជាព្រះសង្ឃ ជាមួយព្រះគ្រូ គង់ សូ ជាព្រះគ្រូសូត្រស្តាំ នាអតីតកាល។
សម្តេច ហេង សំរិន ក៏បានឧទ្ទិសកុសលផលបុណ្យវេនទី០៨ ថ្ងៃនេះ ដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបាននូវ
វិបុលសុខ សេរីសួស្តី សុខភាពល្អ កម្លាំងពលខ្លាំងក្លា បញ្ញាញាណឈ្លាសវៃ រកស៊ីទទួលទានមានបាន និងសុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ៕