(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរាជការទូទាំងខេត្ត ឧត្តរមានជ័យ អញ្ជើញទៅដាក់បិណ្ឌនៅបណ្តាវត្តនានាក្នុងខេត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យបុព្វការីជន និងពលរដ្ឋកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា នៅក្នុងខេត្តឧត្តរមានជ័យ ដែលជាតំបន់ប្រយុទ្ធដ៏ក្តៅគគុក កាលពីអតីតកាលនោះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនបានស្លាប់បាត់បង់ជីវិត។ តែបច្ចុប្បន្នខេត្តឧត្តរមានជ័យ ជាខេត្តដែលបានធ្វើ សមាហរណកម្មចុងក្រោយគេបង្អស់នោះ បានទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើបុណ្យ ធ្វើទានតាមបែបព្រះពុទ្ធសាសនា យ៉ាងរីករាយ។
លោក បានលើកឡើងថា មានតែសន្តិភាពនោះទេ ទើបឲ្យប្រជាពលរដ្ឋខ្មែររបស់យើង បានរស់នៅដោយសុខដុម។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ឲ្យរួមគ្នាថែរក្សាសុខសន្តិភាព ក្នុងប្រទេសកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង់ជារៀងរហូត។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានបួងសួងដល់បុណ្យកុសល កើតចេញពីការដាក់បិណ្ឌ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនាថ្ងៃនេះ ឲ្យបានទៅដល់ដួងវិញ្ញាណក្ខន្ធពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងសម័យសង្រ្គាម ក៏ដូចជាក្នុងរបបប៉ុលពត ឲ្យបានទៅកាន់សុគតិភព និងបានយោនយកកំណើតក្នុងទីឋានដ៏សមរម្យ៕