(ត្បូងឃ្មុំ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកតំបែរ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកអង្ករ ដែលទិញពីប្រជាកសិករ នៅក្នុងខេត្តបាត់ដំបង ទៅចែកជូនប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពខ្វះខាត នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក វេង សាខុន បានថ្លែងប្រាប់ប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមសំណេះសំណាល និងទទួលអង្ករថា នៅពេលថ្មីៗនេះ លោកបានបញ្ជាទិញអង្ករចំនួន ១០តោន ពីប្រជាកសិករខ្មែរ ក្នុងខេត្តបាត់ដំបង ដើម្បីជួយដោះទុក្ខលំបាក របស់ប្រជាកសិករកំពុងជួបបញ្ហា ធ្លាក់តម្លៃស្រូវបណ្តាលមកពី ការប្រកួតប្រជែងទីផ្សារអង្ករ នៅក្នុងទីផ្សារអន្តរជាតិ។
បើទោះបីជាយ៉ាងណា លោកបានចាត់ទុកថា ការជួយនេះ គឺគ្រាន់តែជាការជួយដោះទុក្ខលំបាកគ្នាមួយគ្រាប៉ុណ្ណោះ វាមិនមែនជាការជួយដោះស្រាយ ប្រកបដោយនិរន្តរភាពនោះទេ ហើយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏កំពុងប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកទីផ្សារកសិផលរបស់ខ្មែរ។
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងខេត្តបាត់ដំបង បានបង្ហាញក្តីរីករាយ បន្ទាប់ពីទទួលបានអង្ករពីរដ្ឋមន្រ្តីកសិកម្ម និងបាត់ចាត់ទុក្ខអង្ករនេះ ជាការជួយដោះស្រាយទុក្ខលំបាក របស់ពួកគាត់ក្នុង ពេលបច្ចុប្បន្នផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ នេះ លោក វេង សាខុន និងភរិយា ក៏បានអញ្ជើញទៅដាក់បិណ្ឌ និងប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃនៅតាមវត្តនានាក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំផងដែរ។ លោករដ្ឋមន្រ្តី បានឧទ្ទិសមគ្គផលកុសលផលបុណ្យកើតចេញពីការធ្វើបុណ្យនេះ ដល់ដួងវិញ្ញាណក្ខន្ធរបស់បុព្វការី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលីជីវិត្តក្នុងបុព្វហេតុជាតិឲ្យ ទៅកាន់សុគតិភព និងយោនយកកំណើតកើនក្នុងទីដ៏សមគួរ៕