(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនលើសលប់។
“យើខ្ញុំជាកងកម្លាំងនគរបាលជាតិ សូមឈរជាកម្លាំងសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីការ បោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលមានប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនលើសលប់ នៅទូទាំងប្រទេស។
យើងខ្ញុំសូមប្ដេជ្ញាការពារឱ្យខាងតែបាន នូវសុខសន្តិភាព ស្ថេរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ការញុះញង់ប៉ុនប៉ងបង្កចលាចល ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
យើងខ្ញុំទាំងអស់គ្នានឹងបង្រ្កាប ព្រមទាំងកម្ទេចរាល់ឧបាយកល ញុះញង់ ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព ការបង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក៏ដោយ។
យើងខ្ញុំសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ក្រុមប្រឆាំងជ្រុលនិយម មួយក្ដាប់តូចនៅក្រៅប្រទេស ដែលបានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ។
ជាមួយគ្នានេះផងដែរ យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងខ្លាំងក្លា នូវសារសំឡេងពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ បញ្ជាក់ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV.DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ”។