(កំពង់ស្ពឺ)៖ សាច់បង្កកប្រមាណជាង៦តោន ត្រូវបានកម្លាំងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺដុតបំផ្លាញចោល នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោយស្ទាក់ចាប់បានកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវចុះផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយទទួលបានព័ត៌មានថា មានរថយន្តដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កកទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លោកក៏បានបញ្ជាមន្ត្រីគយ និងរដ្ឋាករ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះទៅគោលដៅដែលចង្អុលបង្ហាញនោះ។ នៅវេលាម៉ោងជាង៩យប់ ថ្ងៃខែឆ្នាំដដែល មន្ត្រីគយ ក៏បានជួបរថយន្តខាងលើបែកកង់ នៅចំណុចគីឡូម៉ែត្រលេខ K31+800 ស្ថិតនៅភូមិជ្រលងថ្កូវ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រឡាប់ចាក់ទំនិញជាសាច់បង្កករាយនៅពេញផ្លូវ ដោយមាននគរបាលចរាចរណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ប្រចាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងអនុវត្តនីតិវិធីចរាចរណ៍។
ក្រោយកើតហេតុមន្រ្តីគយ ក៏បានស្នើសុំកិច្ចសហការពីមន្រ្តីនគរបាលចរាចរណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដែលប្រចាំការលើផ្លូវល្បឿនលឿន។ សាច់បង្កកដែលផ្ទុកលើរថយន្តខាងលើសាងដាក់លើរថយន្តផ្សេង ហើយនាំយកមកសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ដោយអនុវត្តនីតិវិធីជាធរមាន។
លទ្ធផលត្រួតពិនិត្យដូចខាងក្រោម៖
* ១- ពងត្រីបង្កកចំនួន100កេស
* ២- ប្រហិតសាច់មាន់បំពងម្សៅចំនួន40កេស
* ៣- ប្រហិតSHENGLONGចំនួន 45កេស
* ៤- ប្រហិតបន្ទះសាច់មាន់បំពងម្សៅចំនួន46កេស
* ៥- សាច់មាន់ចង្កាក់ប្រឡាក់គ្រឿងចំនួន24កេស
* ៦- ឈាមទាចំនួន49កេស
* ៧- ពោះគោចំនួន5កេស
* ៨- ព្រុយត្រីសាម៉ុន ចំនួន4កេស
* ៩- កន្ទុយជ្រូកចំនួន24កេស
* ១០- សាច់មាន់ចំនួន29កេស
* ១១- សាច់គោចំនួន40កេស
* ១២- ក្រលៀនគោចំនួន2កេស
* ១៣-ពោះវៀនជ្រូកចំនួន10កេស
* ១៤- ឆ្អឹងជំនីជ្រូកចំនួន20កេស សរុបទាំងអស់ចំនួន438កេសស្មើនឹង៦១៩៩គីឡូក្រាម។
ក្រោយកិច្ចសហការពីមន្ត្រីជំនាញក.ប.ប បានពិនិត្យឃើញថា សាច់បង្កកបានទាំង ១៤មុខខាងលើ មន្រ្តីក.ប.ប បានធ្វើពិសោធន៍បញ្ជាក់ថា សាច់បង្កកខាងលើខូចគុណភាពមិនអាចឱ្យចរាចរណ៍ លើទីផ្សារឡើយ។ សាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ មន្រ្តីជំនាញ ក.ប.ប និងកម្លាំងកងរាជហត្តខេត្តកំពង់ស្ពី និងសមត្ថកិច្ចពាក់ព័ន្ធសម្រេចធ្វើការដុតកំទេចចោលនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤តែម្តង និងដោយមានការចូលរួមពីអាជ្ញាធរដែនដី៕