(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១២ ខែសីហានេះ បានថ្លែងសារអរគុណដល់ តារាចម្រៀង វណ្ណដា សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយសម្តេចភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសកម្មភាពនេះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើ Facebook យ៉ាងដូច្នេះថា «សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុស វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។ ពុកពិតជាមានការភ្ញាក់ផ្អើលដែលកូនបានធ្វើកិច្ចការសម្រាប់ កិត្តិយសជាតិបែបនេះ។ សូមជូនពរកូនជួបតែសេចក្តីសុខសេចក្តីចម្រើន»។
សូមជម្រាបថា លោក វណ្ណដា បានបង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយលោកបានច្រៀងបទចម្រៀង «Time to Rise»។ ការបង្ហាញខ្លួនរបស់តារាកម្ពុជា លើឆាកកម្មវិធីលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា។ ការបង្ហាញរបស់ វណ្ណដា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។
ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕